ខេត្តឧត្តរមានជ័យ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះអាជ្ញាធរខេត្តឧត្តរមានជ័យបានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នឹងបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទី ស្អែកនេះតទៅ បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ នឹងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។
នៅក្នុងជំនួបពិភាក្សានារសៀលថ្ងៃនេះ អាជ្ញាធរកម្ពុជា ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ចំណែកអាជ្ញាធរថៃដឹកនាំដោយលោក ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាល ខេត្តសុរិន្ទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ភាគីទាំង២ បានធ្វើការឯកភាពគ្នា នឹងបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ឡើងវិញចាប់ពីម៉ោង ១០ៈ៣០នាទីព្រឹកស្អែកនេះតទៅ។
ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ឡើងវិញនេះ ភាគីថៃតម្រូវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ប្រទេសថៃ ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) តម្រូវឱ្យមានលិខិតថៃឡង់ផាស (Thailand Pass) បណ្ណធានារ៉ាប់រងសុខភាព និងបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ អាចដើរពេញ ប្រទេសថៃ ចំណែកប្រជាពលរដ្ឋដែលប្រើបណ្ណព្រំដែន (Border Pass) អាចស្នាក់ប្រទេសថៃបានចំនួន៣ថ្ងៃ និងមានបណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។
ជាមួយគ្នានេះលោក ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានបណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ចៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ៕
ដោយ៖ហេង សុរិយា