ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរិះគន់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថា អសកម្មក្នុងការងារខណៈផ្លូវជាច្រើនខ្សែបានរងការខូចខាតមិនព្រមជួសជុល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានថា អសកម្មក្នុងការងាររបស់ខ្លួន ។ ការរិះគន់នេះ ធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋមើលឃើញថា កំណាត់ផ្លូវកៅស៊ូជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ជាពិសេសផ្លូវជាតិលេខ៤ ជិតជញ្ជីងថ្លឹងរថយន្តតែម្តង និងផ្លូវជាតិលេខ៤១ បានរងការខូចខាតជាច្រើនខែមកហើយ ហើយមិនឃើញមន្ត្រីជំនាញខាងមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចុះជួសជុល ឬស្ថាបនាឡើងវិញសោះ ដោយបណ្តោយទុកឲ្យកំណាត់ផ្លូវកៅស៊ូមានផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី កាន់តែខូចបន្តទៀត ។

សូមរលឹកថា ចំពោះកំណាត់ផ្លូវដែលរងការខូចខាត មិនមែនមានតែកំណាត់ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងច្បារមន ប៉ុណ្ណោះទេ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា កំណត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ច្បារមន,សង្កាត់កណ្តោលដុំ និងកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង រហូតដល់ ឃុំព្រៃញាតិ ស្រុកគងពិសី ចំណុចផ្សារវត្តគ្រួស ក៏បានរងការខូចខាតជាច្រើនខែមកហើយដែរ ប៉ុន្តែនៅតែមិនទាន់ឃើញមន្ត្រីខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺជាពិសេសលោក ស៊ូ សុន្ធរ៉ា ដឹកនាំមន្ត្រីជំនាញ ចុះទៅជួសជុល ឬស្ថាបនាឡើងវិញនោះទេ ។

  គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងផ្លូវថ្នល់រងការខូចខាត កន្លងមករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីសាធារណការ និងដឹកជញ្ជូននៅតាមមូលដ្ឋានស្រុក -ខេត្ត ត្រូវយកចិត្តទុកដាក់លើការមើលថែទាំជួសជុលផ្លូវឲ្យបានជាប្រចាំ ដើម្បីកុំឲ្យផ្លូវខូចតិចតួចទុកចោលរហូតធ្វើឲ្យផ្លូវកាន់តែខូចច្រើនទៅៗ ឬផ្លូវខូចមានថ្លុកតូចៗ បែរទុកចោលបណ្តាលឲ្យផ្លូវកាន់តែខូចរីករាលធំទៅៗ ។

 ប៉ុន្តែនៅខេត្តកំពង់ស្ពឺមិនដូច្នេះទេ នោះគឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ស៊ូ ស៊ុន្ទរ៉ា ព្រងើយកន្តើយ មិនសូវចុះពិនិត្យមើល  ហាក់ដូចជាអសកម្មក្នុងការមើលថែទាំជួសជុលផ្លូវដែលខូចតិចតួច ដោយទុកចោលរហូតខូចកាន់តែច្រើនទៅៗ បណ្តាលឲ្យរដ្ឋមានការខាតបង់ថវិកាកាន់តែច្រើនដោយ សារស្ថាបនាផ្លូវឡើងវិញ។ បើទោះជាមានសំណូមពរនិងការរិះគន់យ៉ាងក៏ដោយក៏លោកប្រធានមន្ទីរមិនដែលចាត់ការជួសជុលផ្លូវនោះដែរ។

ជាក់ស្តែងផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ជាប់ជាមួយឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្លាយទៅជាថ្លុកក្របីដេកទៅហើយ។ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤១នោះ លើកឡើងថាផ្លូវនេះរងការខូចខាតជាយូរខែណាស់មកហើយ មិនដែលឃើញមានអាជ្ញាធរ និងជំនាញណាចុះមកអើតឈ្ងោកនោះឡើយ ជាពិសេសលោក អភិបាលស្រុកគងពិសី ប្រជាពលរដ្ឋមិនដែលទាំងស្គាល់មុខផង។ ប្រជាពលរដ្ឋលើកឡើងទៀតថា ជារៀងរាល់យប់តែងតែមានម៉ូតូធ្វើដំណើរធ្លាក់ជង្ហុក រងរបួសដោយសារតែមិនមានភ្លើងបំភ្លឺផ្លូវ ហើយផ្លូវលេខ៤១នេះ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រឆ្លងកាត់រាល់ថ្ងៃមិនក្រោម៧០ទៅ៨០រថយន្តនោះទេ។ ប្រជាពលរដ្ឋធ្វើការសំណូមពរដល់លោក អភិបាលស្រុកគងពិសីចុះមកអើតឈ្ងោកកន្លែងផ្លូវរងការខូចខាតហើយជួលជុលផង កុំនៅតែក្នុងការិយាល័យសាលា ស្រុកពេក គឺត្រូវគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតផងហើយជាពិសេសទៀតនោះ សូមឱ្យជំនាញធ្វើការជួសជុលឱ្យបានឆាប់ៗផងងាយស្រួលពលរដ្ឋធ្វើដំណើរ។

  ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរអ្នកយកព័ត៌មានយើងទូរស័ព្ទទៅលោក ស៊ូ សុន្ធរ៉ា ដើម្បីសួរនាំដែរ ប៉ុន្តែទូរស័ព្ទចូលចំនួន៣ដង មិនមានអ្នកលើកនោះទេ៕

ដោយ៖ សូរិយា


ចែករំលែក៖