ភ្នំពេញ ៖ សូមរម្លឹកថា, នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុយ សុងហាក់ បានសុំការអនុញ្ញាតពីម្ចាស់ទីតាំងសហការ សុំឆែកឆេរ ឃ្លាំងស្ថិតនៅផ្លូវលេខ ១៦ ផ្ទះលេខ៦៣ បុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយខាងកម្លាំងចម្រុះរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ក៏មានចំណារពី លោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ប្រតិបត្តិការនេះ, ក្រោយមកសមត្ថកិច្ចបានចាប់យកសំណាក (សាប៊ូ) ចំនួន១៣មុខ យកទៅពិនិត្យ ពិសោធន៍ ដើម្បីជៀសវាងជាផលិតផលក្លែងក្លាយ ប៉ុន្តែការស្រាវជ្រាវ ពិនិត្យជាក់ស្តែង ខាងសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បានប្រាប់ម្ចាស់ទីតាំងថា, ក្នុងចំណោមផលិតផល១៣មុខ គឺមានផលិតផល ៦មុខ មិនទាន់បានចុះប្រវេទន៍ និងមិនមែនជាផលិតផលក្លែងក្លាយទេ ហើយអនុញ្ញាតអោយម្ចាស់ទីតាំងក្រុមហ៊ុន សុំច្បាប់អនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាលធ្វើប្រវេទន៍ តាមការណែនាំរបស់សមត្ថកិច្ច។
លោក ម៉ៅ មីន អាយុ៤៣ ឆ្នាំ ម្ចាស់ទីតាំងក៏បាន សហការ និងទទួលយកនូវការណែនាំ ពីសមត្ថកិច្ចនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ ទើបនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះរបស់នគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយក្រសួងមហាផ្ទៃ បានចុះទៅបើកសុីលអោយដំណើរការឡើងវិញ ក្រោមការសម្របសម្រួលនីតិវិធី ដោយលោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តអោយក្រុមហ៊ុនបន្តអាជីវកម្មឡើងវិញ ដើម្បីជាប្រយោជន៍បានចំណូលបង់ពន្ធជូនរដ្ឋ និងប្រកួតប្រណាំងប្រជែងពាណិជ្ជដោយភាពស្មោះត្រង់ ៕
ដោយ៖ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត “