រដូវកាលនៃក្តីស្រមៃរបស់ក្រុម Rangers នៅអឺរ៉ុបបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Eintracht Frankfurt បន្ទាប់ពីពួកគេបានផ្ដួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល៣ទល់១ សរុបទាំង២ជើង៣ទល់២។ ការចាញ់១ទល់០កាលពីជើងទី១ បានធ្វើឲ្យក្រុមRangers ហាក់ដូចមិនមានប្រៀបប៉ុន្តែក្រុមនេះធ្វើបានសម្រេចដោយឈានទៅផ្តាច់ព្រ័ត្រ។
ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Rangers រកបាន២គ្រាប់នាំមុខក្រុម RB Leipzig ដោយស៊ុតបញ្ចូលទីដោយកីឡាករ James Tavernier នៅនាទីទី១៨ និងកីឡាករ Glen Kamara នៅនាទីទី២៤។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវរកបាន១គ្រាប់សងវិញនៅនាទីទី៧០ ដែលជាការស៊ុតបាល់បញ្ចូលទីដោយកីឡាករ Christopher Nkunku ប៉ុន្តែរយៈពេល១០នាទីក្រោយមក កីឡាករ John Lundstram របស់ក្រុម Rangers រកបាន១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៨០។
ចំណែកក្រុម Eintracht Frankfurt បានបញ្ចប់ក្តីសុបិនរបស់ក្រុម West Ham ខណៈដែលពួកគេត្រូវបានផ្តួលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ក្នុងលទ្ធផល១ទល់០ សរុបទាំង២ជើងលទ្ធផល៣ទល់១។១គ្រាប់ក្នុងការប្រកួតជើងទី២នេះរកបានដោយកីឡាករ Rafael Borreនៅនាទីទី២៦។
ជាមួយគ្នានោះខ្សែការពារ Aaron Cresswell និងអ្នកចាត់ការទូទៅលោកDavid Moyes ទាំងពីរត្រូវបានបណ្តេញចេញពីការប្រកួតក្នុងបរាជ័យនេះ។ ក្រុមរបស់លោក Moyes បានចាញ់ជើងក្នុងផ្ទះ ២-១ ហើយនៅជើងទី២បន្តចាញ់១ទល់០ទៀត។ ចំណែកអ្នកគាំទ្រក្រុម Frankfurt រាប់ម៉ឺននាក់បានអបអរនៅលើទីលានប្រកួតដើម្បីបង្ហាញភក្តីភាពពីការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៨០។
ក្រុម Rangers របស់ស្កុតឡេននឹងជួបក្រុម Frankfurt របស់អាល្លឺម៉ង់ក្នុងទីក្រុង Seville នៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះជាមួយនឹងឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីឡើងទៅកាន់វគ្គនេះដែលព្យាយាមឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ក្លិបក្នុងរយៈពេល៥០ឆ្នាំរបស់ក្រុមRangers ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)