ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះជួលមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈផ្ទះជួលមួយកន្លែងលេខ៣១ ស្ថិតនៅក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ នៅពេលដែលម្ចាស់មិននៅ ហើយបានបិទទ្វារចាក់សោចោល ព្រោះតែរវល់ចេញទៅធ្វើការរកសុីនៅខាងក្រៅ។

ម្ចាស់ផ្ទះកើតហេតុពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ គាត់បានជួលផ្ទះនេះឲ្យទៅអ្នកដ៏ទៃស្នាក់នៅយូរមកហើយ ពេលនេះផ្ទះខាងលើបានរងការខូចខាតយ៉ាងដំណំ ហើយសម្ភារប្រើប្រាស់ផ្សេងៗនៅក្នុងនោះត្រូវបានភ្លើងឆេះអស់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកដែលស្នាក់នៅផ្ទះជួលនោះពុំបាននៅទេព្រោះជាប់រវល់ចេញទៅធ្វើការរកសុីនៅខាងក្រៅ ហើយបានបិទទ្វារចាក់សោចោល។ ក្រោយមកក៏ស្រាប់តែមានភ្លើងឆាបឆេះចេញពីខាងក្នុងបង្កជាផ្សែងហុយយ៉ាងខ្លាំង ខណៈនោះមានការព្រួយបារម្ភខ្លាចឆេះរាលដាលដល់ផ្ទះជាប់ៗគ្នានោះទៀត អ្នកជិតខាងបានរាយការណ៍សុំជំនួយពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះអាជ្ញាធរបាននាំយករថយន្តពន្លត់អគ្គិភ័យ២គ្រឿង ដែលប្រចាំការ នៅសាលាខណ្ឌពោធិ៍សែនជ័យទៅបាញ់ពន្លត់រហូតរលត់ទៅវិញ ហើយមូលហេតុនៃការឆាបឆេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖