(តពីលេខមុន)
ព្រះសម្មាសម្ពុទ្ធសំដែងថា ចិត្តរបស់មនុស្សមានកម្លាំងខ្លាំងក្លាណាស់ កើតឡើងជាប់នឹងអារម្មណ៍អ្វីមួយ ហើយមិនសាបសូន្យបាត់ទៅវិញទេ គឺនៅតែតោងបន្តជាប់ជានិច្ច រហូតកើតបានជាវិបាកចិត្តដិតជាប់ក្នុងឈាម នៅក្នុងបេះដូងភវង្គ។ នៅពេលរូបកាយបែកធ្លាយ ចិត្តត្រូវឃ្លាតចាក រូបចាស់មកតាំងនៅកើតឯងក្នុងរូបថតថ្មីភ្លាមបន្តទៀត។ នៅក្នុងលំហច្បាប់កម្មផលកើតហើយក៏មានរូបរាងគ្រប់ភ្លាមខុសពីកំណើតក្នុងផ្ទៃ ក្នុងពងស៊ុតក្នុងទីស្មោកគ្រោក។ នៅក្នុងលំហអាកាសគ្មានអាហារទេ គឺមានតែចំហាយជាសារធាតុឧស្ម័នទឹក ទើបពួកអទិស្សមានកាយក៏ពុំមានអាហារដូចមនុស្សបរិភោគឡើយ។ ពេលកើតហើយពួកសត្វប្រភេទនេះ បានលេបតែស្លេស្មទឹកមាត់ដែលជាធាតុទឹកនៃខ្លួនប៉ុណ្ណោះ។ ឯពួកសត្វដែលមានអាហារទិព្វបរិភោគ មានវិមានទិព្វរស់នៅ គឺអាស្រ័យតែទៅលើមហាកុសលចិត្តដែលបានធ្វើបុណ្យសន្សំកុសល កាលពួកទេវតានោះមានអត្ថភាពជាមនុស្សប៉ុណ្ណោះ។ ព្រះសម្មាសម្ពុទ្ធសម្ដែងថា ចិត្តជាអកុសលទាំង ១២ ដួងគឺលោភចិត្តជាសោមនស្ស៤ដួងលោកចិត្តជាឧបេក្ខា៤ដួង ទោសចិត្ត ២ដួង និងមោហចិត្ត ២ដួងជាចិត្តមិនមានបញ្ញា ជាចិត្តមានកម្លាំងខ្សោយ ពេលមានហេតុការណ៍អាក្រក់មកដល់ចិត្តនេះឆាប់ភ័យតក់ស្លុតឆាប់វង្វេងឆាប់ច្របូកច្របល់ជាពិសេសនៅពេលសេចក្តីស្លាប់មកដល់។ កុសលកម្មចិត្ត១២ដួងនេះ ជាចិត្តមិនបរិសុទ្ធ បើនឹងសិក្សាខាងវិជ្ជា មន្ត ស្រោច ស្ដោះ ផ្លុំ ចម្រើនព្រះបរិត្ត ការពារឧបទ្រពភយន្តរាយផ្សេងៗ ក៏មិនពូកែសក្តិសិទ្ធសមតាមបំណងប្រាថ្នាបានឡើយ បើនឹងយកអាកុសលចិត្ត១២ ដួងនេះប្រើដើម្បីរៀនសម្លឹងអារម្មណ៍ ៤០ ដើម្បីញ៉ាំងឈានសមាបត្តិឲ្យកើតឡើងក៏ប្រើការមិនបាន។ ឯមហាកុសលចិត្ត៨ដួងជាចិត្តបរិសុទ្ធ ព្រោះប្រាកចាក លោភៈ ទោសៈ មោហៈ ហៅថាចិត្តប្រកបដោយសីល។បើនឹងយកចិត្តនេះប្រើខាងផ្នែកប្រោះសព្រំទឹកមន្ត ចម្រើនព្រះបរិត្តក៏និងមានអំណាចពូកែសក្តិសិទ្ធ បើនឹងយកទៅប្រើព្យាបាលជំងឺក៏នឹងឆាប់ជាសះស្បើយ បើនឹងយកអកុសលចិត្តនេះប្រើដើម្បីសម្លឹងអារម្មណ៍អាចនឹងគុណវិសេស គឺឈានសមាបត្តិឱ្យបានកើតឡើងបាន កាលបើជាតិនេះកើតមានចិត្តអាចសម្លឹងមុតស្រួចចំពោះតែអារម្មណ៍មួយបានហើយ ពេលអធិដ្ឋានឡើងចិត្តនេះក៏គង់មានឫទ្ធិមានអំណាចខ្លាំងក្លា អារម្មណ៍ដែលកំពុងអធិដ្ឋាននោះក៏និម្មិតកើតឡើងជាវត្ថុផ្សេងៗតាមប្រាថ្នាបាន។
ត្រង់នេះហើយទើបពួកអទិស្សមានកាយខ្លះ មានអាហារទិព្វ មានវិមានទិព្វរស់នៅ។ តែអកុសលចិត្តជាចិត្តប្រាសចាកសីលគុណទាំងស្រុង ប្រាសចាកបញ្ញា ក៏រមែងប្រកបដោយលោភៈ ទោសៈ មោហៈ ជាចិត្តអាប់ឥតរស្មីស្លាប់ទៅកើតជានរកប្រេតខ្មោចអសុរកាយមានស្លេស្ម មានទឹកមាត់ជាអាហារ ស្រេកឃ្លានប៉ុណ្ណា កាលនៅរស់ស្លាប់ទៅក៏នៅតែស្រេកឃ្លាន ជាចិត្តមិនស្ងប់មិនសុខ ជាចិត្តគ្មានឫទ្ធិអំណាចទើបព្រះសម្មាសម្ពុទ្ធសម្ដែងថា ពួកនរក ប្រេត អសុរកាយ គ្មានអាហារទិព្វគ្មានវិមានទិព្វរស់នៅនោះ។ ឯពួកព្រហ្មលោកដោយសារនៅរស់មានអត្តភាពជាមនុស្ស មានបីតិជាអង្គឈាន ពេលស្លាប់ក៏យកចិត្តឆ្អែតនេះជាអាហារតែម្ដងដដែលដែរ។ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត