ព័ត៌មានទាន់ហេតុការណ៍៖

ទោះនៅមានករណីឆ្លងកូវីដ-១៩ ច្រើន តែវិស័យទេសចរណ៍ថៃបានដំណើរការល្អប្រសើរឡើងវិញហើយ

ចែករំលែក៖

សណ្ឋាគារ តំបន់ភ្លើងពណ៌ដ៏ល្បីល្បាញនៅក្នុងប្រទេសថៃសម្រាប់អ្នកទេសចរបរទេសបានដំណើរការឡើងវិញ ដោយមានមនុស្សជាច្រើនទៅកម្សន្តនៅទីនោះ ក្រោយការលុបបម្រាមទាំងឡាយមក។
លោកSa-ngaRuangwatthanakul ប្រធានក្រុមអាជីវករនៅលើផ្លូវ Khao San ដែលមានរហស្សនាមថាជាទីក្រុងភ្លើងពណ៌បានដំណើរការយ៉ាងគគ្រឹកគគ្រេងឡើងវិញ ។ លោកបន្តទៀតថា អ្នកដំណើរបានវិលត្រឡប់មកកាន់តំបន់ Khao San ក្នុងឱកាសមហាសង្គ្រានកន្លងមកចាប់តាំងពីកម្មវិធី Test&Go ត្រូវបានលុបចោល ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,០៨១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៨,០៧៧ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៤ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៤នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន១០,៥៨៨នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣២៤,៨៥០ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,០៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៣លានដូស ក្នុងនោះប្រជាជនជាង ៥១.៣៥លាននាក់ (៧៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៦.១៣លាននាក់ (៣៧.៤%) បានចាក់ដូសជំរុញ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Shutterstock)


ចែករំលែក៖