ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្មនិងទើបចេញពីពន្ធនាគារ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលក្របួចជាប់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីយុវតីម្នាក់ ខណៈជិះម៉ូតូតាមដងផ្លូវ។ ករណីលួចមានស្ថានទម្ងន់ទោស នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៤០នាទី​ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

     មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត អាលីហ្សា ភេទស្រី មានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកជនសង្ស័យសរុប៤នាក់ប្រុស ឃាត់ខ្លួន០៣នាក់​ ក្នុងនោះទី១-ឈ្មោះ​ ផុន ដេវីត ហៅវីត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ០១ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) អ្នកឆក់ទូរស័ព្ទ។

២-ឈ្មោះ មាន វាសនា ហៅស្នា សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

ទី៣-ឈ្មោះ​ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ ហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល(ឃាត់ខ្លួន)រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដោយឡែកវត្ថុតាងចាប់យក៖

១-ម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២១ លេខម៉ាស៊ីន២១១១០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7881 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ឡើងតែមស៊េរីឆ្នាំ២០២២ លេខតួនឹងលេខម៉ាស៊ីន5323129 ពាក់ស្លាកលេខ កណ្ដាល 1AA-3100 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ៣-ទូរស័ព្ទដៃចំនួនពីរគ្រឿង ម៉ាក iPhone XS mak មួយគ្រឿង និងម៉ាក iPhone 11 bro មួយគ្រឿង(របស់ជនសង្ស័យ),​៤-ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនចំនួន១។

     ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់មិត្តភក្ដិនៅម្ដុំវត្តចំបក់ ឃុំពើក ស្រុកអង្គស្នួល លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ប្រផេះ ជិះមកក្បែរម៉ូតូជនរងគ្រោះហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពណ៌ខ្មៅ ពីជនរងគ្រោះរួចជិះគេចខ្លួន ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ស្របពេលជាមួយគ្នានោះក៏ជួបជាមួយកម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ កំពុងល្បាតក្នុងភូមិសាស្ដ្របានជួយដេញតាមពីក្រោយ​ និងរាយការណ៍បន្តទៅកាន់កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ពើក ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានដេញពួនស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់​ និងស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់បន្តបន្ទាប់គ្នាទៀត រួមទាំងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួនមួយគ្រឿង នៅក្នុងព្រៃខាងក្រោយភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ 

     ចំពោះជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖