ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Haaland ចូលរួមជាមួយក្លិប Manchester City ជាផ្លូវការក្នុងតម្លៃផ្ទេរ៥១.២លានផោន

ចែករំលែក៖

ក្លិប Manchester City បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាជាផ្លូវការលើខ្សែប្រយុទ្ធន័រវេស Erling Haaland ពីក្លិប Borussia Dortmund។ Haaland វ័យ២១ឆ្នាំនឹងចូលរួមនៅខែកក្កដាបន្ទាប់ពី Man City បានព្រមព្រៀងក្នុងតម្លៃផ្ទេរ៦០លានអឺរ៉ូ (៥១.២លានផោន) នៅក្នុងកិច្ចសន្យារបស់គាត់។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការស្វែងរករបស់ក្លិបសម្រាប់អ្នកស្នងតំណែងរបស់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់ពេលរបស់ពួកគេគឺ Sergio Aguero ដែលបានចូលរួមជាមួយក្លិប Barcelona ដោយមិនគិតថ្លៃផ្ទេរកាលពីរដូវក្តៅមុន។

ថ្លែងកាលពីព្រឹកថ្ងៃអង្គារ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយថា គាត់មិនអាចពិភាក្សាអំពីការចុះហត្ថលេខាដែលចូលមកសម្រាប់ហេតុផលផ្លូវច្បាប់នោះទេ។ គាត់និយាយថា “មនុស្សគ្រប់គ្នាដឹងពីស្ថានភាព ខ្ញុំមិនគួរនិយាយទេ ព្រោះខ្ញុំមិនចូលចិត្តនិយាយអំពីអនាគតឬរដូវកាលក្រោយ”។ នៅពេលសួរថា តើលេខ៩ថ្មីនឹងមានផលប៉ះពាល់យ៉ាងណាចំពោះម្ចាស់ជើងឯក Premier League លោក Guardiola បាននិយាយថា “អ្នកលេងថ្មីតែងតែជួយឱ្យក្លាយជាក្រុមដ៏រឹងមាំ ប៉ុន្តែមិនមែនខ្សែការពារ ឬខ្សែប្រយុទ្ធណាម្នាក់នឹងដោះស្រាយបញ្ហាការពារ ឬការស៊ុតបាល់បញ្ចូលទីរបស់យើងនោះទេ។ ក្លិបតែងតែមានចក្ខុវិស័យសម្រាប់អនាគត ការសម្រេចចិត្តរបស់ក្លិបធ្វើឱ្យខ្ញុំដឹង និងគាំទ្រ១០០ភាគរយ” ។

ការផ្ទេររបស់ Haaland នឹងក្លាយជាកីឡាករដ៏សំខាន់បំផុតមួយក្នុងរដូវក្តៅ ហើយគាត់នឹងស្វែងរកការស៊ុតបញ្ចូលទីជាមួយក្រុម Man City នៅរដូវកាលក្រោយ។ នេះបើយោងតាមលោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool ដែលជាគូប្រជែងដណ្តើមជើងឯក Premier League របស់ពួកគេ។ លោក Klopp បាននិយាយថា “Man City នឹងមិនក្លាយជាក្រុមដែលឈ្នះការប្រកួតដោយសារតែកីឡាករម្នាក់នោះទេ។ ពួកគេមានវិធីជាក់លាក់មួយក្នុងការលេង ហើយខ្ញុំគិតថា Erling នឹងដឹងភ្លាមៗថា គាត់នឹងរកគ្រាប់បាល់បានច្រើន។ គាត់បានរងរបួសពីរបីដងនៅ Dortmund ប៉ុន្តែនៅពេលដែលគាត់មានកាយសម្បទា គាត់គឺជាកីឡាករដ៏ពិតប្រាកដមួយ ដូច្នេះជាការចុះហត្ថលេខាដ៏ល្អមួយ”។

ទោះបីជា Man City ស្ថិតនៅកាន់តែកៀកក្នុងការឈ្នះពាន Premier League ជាប់ៗគ្នាជាលើកទី២ដែលសម្រេចបានដោយមិនមានខ្សែប្រយុទ្ធកណ្តាល លោក Guardiola តែងតែសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់គាត់។Man City បានព្យាយាមយ៉ាងខ្លាំងដើម្បីទទួលបាន Harry Kane ពី Tottenham កាលពីរដូវក្តៅមុន ប៉ុន្តែប្រធានក្លិប Spurs លោក Daniel Levy បានបដិសេធមិនលក់។

គួរបញ្ជាក់ថា Haaland បានស៊ុតបញ្ចូលទីបាន៨៥គ្រាប់ក្នុងការបង្ហាញខ្លួន៨៨លើកសម្រាប់ក្រុម Dortmund ចាប់តាំងពីចូលរួមជាមួយក្រុម Red Bull Salzburg ក្នុងខែមករាឆ្នាំ២០២០។ ក្លិបយក្ស La Liga Real Madrid និង Barcelona ក៏បាននិយាយទៅកាន់ Haaland អំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ប៉ុន្តែគាត់បានជ្រើសរើសសម្រាប់ការផ្ទេរទៅកាន់កីឡដ្ឋាន Etihad ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី៩២គ្រាប់ក្នុងលីគក្នុងការបង្ហាញខ្លួន១២១ លើកសម្រាប់ក្លិបMolde, Red Bull Salzburg និង Dortmund ហើយកាលពីឆ្នាំមុនបានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន២០គ្រាប់នៅ Champions League ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖