ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទឃ្លុបរបស់ក្រុមហ៊ុនភេសជ្ជៈAD បានបុករះរថយន្តចំនួន០៤គ្រឿងនៅខាងមុខដែលកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា រថយន្តរងគ្រោះដែលឈប់ភ្លើងស្តុបចំនួន០៤គ្រឿងរួមមាន ៖ រថយន្តToyota Prius ចំនួន២គ្រឿង , រថយន្តស៊េរីទំនើបម៉ាក Ford Ranger ចំនួន១គ្រឿង និងរថយន្តសាំយ៉ុងរបស់សាលាប៊ែលធីចំនួន០១គ្រឿង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុនោះ មានរថយន្តរងគ្រោះខាងលើ និងអ្នកដំណើរជាច្រើនបានឈប់ភ្លើងស្តុបពណ៌ក្រហមតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ខណៈពេលនោះក៏ស្រាប់តែមានរថយន្តបង្កហេតុម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-2095 របស់ក្រុមហ៊ុនភេសជ្ជៈAD បានបើកមកពីក្រោយក្នុងល្បឿនលឿន ហើយបុករះនិងរុញបុកបន្តកន្ទុយគ្នានៃរថយន្តរងគ្រោះខាងលើ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងទៅជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តរងគ្រោះនិងរថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងតាខ្មៅដើម្បីដោះស្រាយគ្នាតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ