ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លោកហ៊ុន ម៉ានី, លោក សំ រិទ្ធី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន១ខ្នង ស្ថិតនៅក្នុងសាលាបឋមសិក្សាពូនខ្សាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ អមដំណើរគណៈអធិបតីនាឱកាសនោះរួមមានលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត, លោក លោកស្រីក្រុមការងារចុះជួយស្រុកឧដុង្គ និងឃុំវាលពង់, អាជ្ញាធរមូលដ្ឋាន, ប្រជាពលរដ្ឋ, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៥០០នាក់ ។
ក្នុងរបាយការណ៍សាងសង់ដែលអានដោយលោក លី ច័ន្ទតុលា បានឱ្យដឹងថា ការសាងសង់អគារសិក្សានេះកើតចេញពីការផ្តួចផ្តើមគំនិតរបស់ព្រះគ្រូចៅអធិការវត្ត ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយឃុំ សប្បុរសជនជាច្រើន ដោយបានពិនិត្យឃើញថា អគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម ដែលបង្កការលំបាកដល់ការ រៀនសូត្ររបស់ក្មួយៗកុមារតូចៗ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ខេត្ត និងប្រជាជនជាហូរហែ។ ជាក់ស្តែង តាមរយៈក្រុមការងាររបស់លោក ប្រជាពលរដ្ឋក្នុងខេត្តកំពុងរង់ចាំស្វាគមន៍កីឡដ្ឋានដ៏ធំស្កឹមស្កៃប្រកបដោយលក្ខណៈស្តង់ដារ ដែលនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែក តាំងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសប្រជាពលរដ្ឋឃុំវាលពង់ លោក ហ៊ុន ម៉ានី សូមអរព្រះគុណព្រះតេជព្រះគុណព្រះចៅអធិការវត្ត និងថ្លែងអំណរគុណដល់សប្បុរសជនដែលរួមចំណែកក្នុងការលើកស្ទួយវិស័យអបរំ ពិសេសការកសាងអគារសិក្សាសម្រាប់សិស្សានុសិស្សបានរៀនសូត្រនៅពេលនេះ។ លោកក៏បានគូសបញ្ជាក់ដែរថា កត្តាដែលធ្វើឱ្យវិស័យអប់រំនៅក្នុងខេត្តមានការរីកចម្រើន គឺមិនអាចកាត់ផ្តាច់បានពីថ្នាក់ដឹកនាំមន្ទីរអបរំ នាយកសាលា និងជាពិសេសលោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ដែលលោកសូមធ្វើការគោរពថ្លែងអំណរគុណ។
គួរបញ្ជាក់ផងដែរថា អគារសិក្សាថ្មីនេះ មាន៣បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាពូនខ្សាច់ ត្រូវបានសាងសង់ដោយចំណាយថវិកាអស់ប្រមាណ៤ម៉ឺនដុល្លារ និងប្រើប្រាស់ពេលវេលាសាង់សង់រយៈពេល២ឆ្នាំ៕
ដោយ៖ សូរិយា