ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកស្រីរដ្ឋលេខាធិការ ក៏បានបន្ថែមថា បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុក ដាក់លើការងារជាច្រេីនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង ។ លោកស្រីបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម និងធុរកិច្ច នៅតែមានដំណើរការ និងសហការជាប្រចាំ។
គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ គណ:ប្រតិភូ បានជម្រាបជូនអង្គប្រជុំពីគោលបំណងធ្វេីកិច្ចសហប្រតិបត្តិការដោយប្រេីកម្ចីអភិវឌ្ឍន៍(Soft Loan) ក្នុងផ្នែកសុខាភិបាល។
លោកស្រីរដ្ឋលេខាធិការ ក៏បានលេីកជម្រាបជូនដល់គណៈប្រតិភូធុរ:កិច្ចអូទ្រីសបន្ថែមថា ក្រសួងសុខាភិ បាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឯកជនស្រប ច្បាប់ទាំងអស់ដែលមានបំណងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ បច្ចុប្បន្ននេះមានផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡេីយ ដែលបានចុះបញ្ជិកានៅកម្ពុជា។ លោកស្រីបានលើកទឹកចិត្តគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារនាំយកនូវផលិត ផលសុខភាពនិងបរិក្ខារវេជ្ជសាស្ត្រអូទ្រីសមកកម្ពុជា។
លោកស្រីបានលើកទឹកចិត្ត និងស្នើសុំភាគីអូទ្រីសជួយលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ការផ្តល់សេវាថែទាំព្យាបាលជំងឺមិនឆ្លង ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជ សាស្ត្រ Digital Health ដែលជាផ្នែកមួយនៃគម្រោងជំរុញការថែទាំសុខភាពបថម (PHC Booster) ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។ ក្រសួងសុខាភិបាលតែងតែស្វាគមន៍នូវជំនួយអភិវឌ្ឍន៍(Grant Project) ដែលផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជន។ ចំពោះកម្ចី(Soft Loan) នេះ លោកស្រីស្នើគណៈប្រតិភូពិភាក្សាបន្ថែមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ៖ សូរិយា