ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នាត ប្រកាសណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ អាណិត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) បទបញ្ញ និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ក្នុង គោលបំណងឱ្យការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅ បានត្រឹមត្រូវ គោរពតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ដូចមានចែងក្នុង (ច.ប.ឃ.ស) (ប.ន.ឃ.ស) និង ក្រមសីលធម៌គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់គណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អំពីការហែក្បួន និងសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដូចខាងក្រោម៖

I. និយមន័យការកំណត់ទម្រង់ និងទំហំនៃការរំហក្បួនឃោសនាបោះឆ្នោត ការហែក្បួនឃោសនាបោះឆ្នោត សំដៅលើការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតក្នុងឃុំ សង្កាត់ ពាក់ព័ន្ធ ។

ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបាន កំណត់ទម្រង់ និងទំហំដូចខាងក្រោម ៖

មានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយ ដោយឧបករណ៍បំពងសំឡេង

– មានអ្នកចូលរួមចាប់ពី ២០ (ម្ភៃ) នាក់ ឡើងទៅ ដោយប្រើប្រាស់យានជំនិះតាមប្រភេទណាមួយ ឬទាំងអស់ ក្នុងការឃោសនាបោះឆ្នោត មានដូចខាងក្រោម ៖

រថយន្តចាប់ពី ២ (ពីរ) គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ចាប់ពី ១០ (ដប់) គ្រឿងឡើងទៅ

• ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ (ម្ភៃ) គ្រឿង

 • ជលយានគ្រប់ប្រភេទចាប់ពី ៥ (ប្រាំ) គ្រឿងឡើងទៅ។

ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើបានយ៉ាងច្រើន ២ (ពីរ) ដង នៅក្នុងឃុំ សង្កាត់ ដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត ។

ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវធ្វើ ឡើងក្នុងក្របខ័ណ្ឌព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ដែលសាមីគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត ។

ក្នុងករណីគណបក្សនយោបាយមានបំណងហែក្បួនឃោសនាឆ្លងកាត់ឃុំ សង្កាត់ពីរ ឬច្រើនដែល មានព្រំប្រទល់ជាប់គ្នា ដែលសាមីគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឬក្នុងករណីត្រូវធ្វើដំណើរ ឆ្លងកាត់ព្រំប្រទល់ដើម្បីទៅកាន់ឃុំ សង្កាត់ ឬទីកន្លែងផ្សេងដែលគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដើម្បីបន្តឃោសនាបោះឆ្នោត សាមីគណបក្សនយោបាយនោះត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គឃ.សប ពាក់ព័ន្ធយ៉ាងតិចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា ឬធ្វើដំណើរឆ្លងកាត់។ ក្នុងការធ្វើដំណើរឆ្លងកាត់ ដូចករណីខាងលើ សាមីគណបក្សត្រូវបិទឧបករណ៍បំពងសំឡេង និងមិនត្រូវធ្វើសកម្មភាពឃោសនាបោះឆ្នោត ឡើយ។ នៅពេលទទួលបានការជូនដំណឹងពីគណបក្សនយោបាយ គឃ.សប ត្រូវរាយការណ៍ជាបន្ទាន់ទៅ គធ.ខប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍សម្របសម្រួល និងចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ។

II. ការជូនដំណឹងអំពីការហែក្បួនឃោសនា និងធ្វើសកម្មភាពក្នុងផ្សារ

១. ការជូនដំណឹងអំពីការហែក្បួនឃោសនា

គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យា៉ងតិចឱ្យបាន ៣ (បី) ថ្ងៃ មុនថ្ងៃហែក្បួន ឃោសនា ។ ការជូនដំណឹងនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពី ៖

– នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សនយោបាយ 

– កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន

ទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន

ចំនួនអ្នកចូលរួម

– ចំនួនយានជំនិះតាមប្រភេទនីមួយៗ ។ 

២. ការជូនដំណឹងអំពីការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ

គ្រប់គណបក្សនយោបាយទាំងអស់ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមានផ្សារតាំងនៅ និងមានបំណងធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ សាមីគណបក្សនយោបាយ នោះត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គឃ.សប ពាក់ព័ន្ធយ៉ាងតិចណាស់ឱ្យបាន ៣ (បី) ថ្ងៃ មុនធ្វើសកម្មភាព ។ ក្នុងការជូនដំណឹងនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពី ៖

 – នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្ស

– កាលបរិច្ឆេទ ពេលវេលា និងផ្សារដែលត្រូវធ្វើសកម្មភាព

ចំនួនអ្នកចូលរួម។

ការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ ១០ (ដប់)នាក់ ប៉ុណ្ណោះ ហើយត្រូវយកចិត្ត ទុកដាក់គោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួន ឬមិនត្រូវបើ នូវឧបករណ៍បំពងសំឡេងឡើយ។

ការផ្សព្វផ្សាយតាមឧឃោសន:ស័ព្ទអំពីសារនយោបាយ ឬ/និងគោលនយោបាយរបស់គណបក្ស អាចធ្វើបាននៅក្រៅបរិវេណផ្សារ ។

គឃ.សប ត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរដែនដី អ្នកគ្រប់គ្រងផ្សារ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើសកម្មភាពនេះ ។

III. អំពីកិច្ចសហការ និងការអនុវត្ត

គធ.ខប និង គឃ.សប ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការកំណត់ពីទីសាធារណៈ

ប្រើប្រាស់ សម្រាប់ការឃោសនាបោះឆ្នោត ដោយត្រូវយកចិត្តទុកដាក់លើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅ ។

គណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អ តាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ទទួលបានសេចក្ដីណែនាំនេះ អគ្គលេខាធិការ គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច និងគណបក្សនយោបាយ ត្រូវយកចិត្តទុកដាក់ សហការអនុវត្តឱ្យ មានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖