ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរឡើង ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ បានផុតរលត់បាត់ទៅវិញនោះទេ

ចែករំលែក៖

ភ្នំពេញ​ ៖  លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ប្រធាន​គណកម្មការ​ គ.វ.ក-១៩​ (ACC-19) បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២២  ជា​ការ​រំលឹក​ដល់​បុគ្គលគ្រប់​រូប​ ដេីម្បីសុខភាពល្អទាំងអស់គ្នា​ ៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា,  វាជាការគួរឱ្យគោរពស្រឡាញ់ណាស់នៅពេលដែលឃើញមនុស្សមានសុខភាពកាន់តែល្អ និងកាន់តែសប្បាយរីករាយជាងពេលមុនៗ ទោះបីជាមានភាពមិនច្បាស់លាស់នៃបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក៏ដោយ។  ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែល្អប្រសើរឡើង ប៉ុន្តែមិនមែនមានន័យថា កូវីដ-១៩ បានផុតរលត់បាត់ទៅវិញនោះទេ។  លោកអ្នកអាចឆ្លងឡេីងវិញបានគ្រប់ពេលវេលា ប្រសិនបើលោកអ្នកមិនបន្តអាកប្បកិរិយាការពារត្រឹមត្រូវរបស់អ្នកទេនោះ។   វ៉ាក់សាំងកូវីដ-១៩​ គឺជាឧបករណ៍ដ៏មានសារ:សំខាន់មួយក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស​ ដូច្នេះហើយ សូមលោកអ្នក​ បន្តទទួលយកវ៉ាក់សាំងដូសជំរុញរបស់លោកអ្នក (ដូសទី៣​ ដូសទី៤ និងដូសបន្តបន្ទាប់ទៀត.. ប្រសិនបើដល់វេនរបស់លោកអ្នក) គឺជាជម្រើសដ៏ល្អប្រសើរក្នុងការបង្ការ​ និងរក្សាភាពស៊ាំខ្លាំងរបស់លោកអ្នក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩​ រួមជាមួយនឹងវិធានការផ្សេងៗទៀត និងស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នដោយមិនភ្លេចខ្លួន​ នៅក្នុងពេលកំពុងអនុវត្តដំណេីរការបេីកឡើងវិញនូវសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងជីវិតធម្មតាថ្មីរបស់យេីងទាំងអស់គ្នា។   

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមរីករាយថ្ងៃចុងសប្តាហ៍ និងសម្រាកលំហែកាយជាមួយក្រុមគ្រួសារ!  គោរពជូនពរលោកអ្នកទាំងអស់គ្នា​ មានសុខភាពល្អ​ និងចម្រុងចម្រេីន​ ចៀសផុតនូវជំងឺដង្កាត់នានា។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣១,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៦៣,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៧៤% ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖