ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទំនើបម៉ាកmazda បុកចូលផ្សារធំថ្មី រងការខូចខាត

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក mazda មួយគ្រឿងត្រូវអ្នកបើកបរបើកលឿនហើយគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅបុកចូលផ្សារធំថ្មីបណ្ដាលឱ្យបង្គោលដែកបាំងជុំវិញផ្សារបាក់ចំនួន៥បង្គោលនិងសំយាបផ្សារខូចខាតអស់មួយផ្ទាំង រីឯរថយន្តបែកកង់ខាងមុខទៅលែងរួច។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចផ្សារធំថ្មីផ្នែកខាងត្បូង ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកmazda មួយគ្រឿងពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2 BI-1471បើកតាមបណ្តោយផ្លូវ លេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកជាបីកន្លែងកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅមុខត្រង់បុកចូលផ្សារធំថ្មីបណ្ដាលឱ្យបង្គោលដែកបាំងជុំវិញផ្សារបាក់អស់ចំនួន៥បង្គោលនិងសំយាបផ្សារមួយផ្ទាំង។ ចំណែករថយន្តរងការខូចខាតនិងបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីរថយន្តធ្វើការសម្រុះសម្រួលគ្នាជាមួយប្រធានផ្សារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖