ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ  សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយថ្វាយ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះចេតិយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌមួយចំនួន ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ បានឲ្យដឹងថា ៖ តួចេតិយមានទំហំ ១០ម ×១០ម កំពស់សរុប ២៩.៥០ម, ខឿនទី១ មានកំពស់ ៣.០៥ម ពីដី, តួចេតិយមានកំពស់ ៥.៤ម ពីខឿនទី១, ផ្នែកកំពូលមានកំពស់ ២១.០៥ម ពីតួចេតិយ, ខឿនទី១ ផ្នែកខាងមុខមានជណ្តើរមួយមានចម្លាក់តោមួយគូរ និងលម្អដោយបិទថ្មភ្នំធម្មជាតិមាន ទឹកធ្លាក់ រុក្ខជាតិធម្មជាតិ ផ្នែកខាងក្រោយជាខឿនមានដាំផ្កា និងមានគូរទឹកជុំវិញ, តួចេតិយផ្នែកខាងក្រៅមានខ្លោងទ្វារចំនួន៤ ដែលមានទ្វារចូលពីមុខមួយ មានទ្វារបញ្ឆោតចំនួនបី និង មានបង្អួចបញ្ឆោតចំនួន៨ ផ្នែកខាងក្នុងតម្កល់មឈូសចំកណ្ដាលនៃតួចេតិយដែលមានធាតុនៅខាងក្នុង និងផ្នែកកំពូល មានខ្លោងទ្វារបញ្ឆោតចំនួន៨ មានចេតិយចម្លងចំនួន៤ និងមានឆ័ត្ររួតនៅចុងកំពូល ៕

ដោយ ៖ សិលា


ចែករំលែក៖