ព័ត៌មានទាន់ហេតុការណ៍៖

សាកសពក្មេងស្រី២នាក់ដែលបាត់ខ្លួនដោយសារលង់ទឹកកាលពី២ថ្ងៃមុននោះត្រូវបានរកឃើញហើយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ សាកសពក្មេងស្រីជាសិស្សសាលា២នាក់ដែលបានបាត់ខ្លួនដោយសារលង់ទឹក​កាលពី២ថ្ងៃមុននៅក្នុងទន្លេនោះ ពេលនេះសាកសពត្រូវបានក្រុមគ្រួសាររកឃើញហើយនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១ ដែលករណីលង់ទឹកនោះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី  នៅចំណុចមាត់ច្រាំងទន្លេមេគង្គ មុខវត្ត

បទុមគង្គា ហៅវត្តព្រែកដាច់ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះ០២នាក់នោះ ទី១-ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស  និងទី២- ឈ្មោះ វណ្ណៈ សុីមាន ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។

ក្មេងស្រីទាំង០២នាក់ខាងលើមានទីលំនៅភូមិតាហុីង ឃុំព្រែកដាច់   ស្រុក លើកដែក ខេត្តកណ្ដាល។ 

     ប្រភព​ដដែលបន្តថា​ យោងតាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ កូវឆេង ម៉ូនីកា អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក (ត្រូវជាមិត្តភក្តិរៀនជាមួយគ្នា) បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ឈ្មោះពេជ្រ សុវណ្ណរី បានបបួលរូបខ្លួន និងជនរងគ្រោះទាំងពីរនាក់មកងូតទឹកនៅចំណុចមាត់ទន្លេមុខវត្តព្រែកដាច់។បន្ទាប់មកឈ្មោះ ពេជ្រ សុវណ្ណរី ; ឈ្មោះ  វណ្ណៈ សុីមាន ; ឈ្មោះ ប៊ុនធឿន ស្រីលក្ខ័ និង ឈ្មោះកូវឆេង ម៉ូនីកា បាននាំគ្នាចុះទៅងូតទឹក  ចំណែកឈ្មោះ កំសត់ សុជាតា នៅអង្គុយលើម៉ូតូនៅលើគោក។ ក្រោយពីឃើញមិត្តភក្តិរបស់ខ្លួនលង់ទឹក ក៏ស្រែកឱ្យគេជួយ  ពេលនោះអ្នកច្រកខ្សាច់នៅជិតនោះឮ ក៏រត់មកជួយស្រង់បាន០២នាក់ គឺឈ្មោះ ពេជ្រ សុវណ្ណារី និងឈ្មោះ កូវឆេង ម៉ូនីកា ចំណែកឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ និងឈ្មោះ វណ្ណៈ ស៊ីមាន លិចចូលក្នុងទឹកបាត់រកមិនឃើញទេ។ 

      លុះមកដល់ថ្ងៃទី១៤ខែឆ្នាំដដែលវេលាម៉ោង២១និង១៥នាទី ក្រុមគ្រួសារបានរកសាកពជនរងគ្រោះទាំង០២នាក់ឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ច  ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព ដោយសន្និដ្ឋានថា​ សពស្លាប់ដោយសារលង់ទឹកប្រាកដមែន. ។ សាកសពត្រូវបានប្រគល់ អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖