ក្រុម AC Milan បាននាំមុខក្រុម Inter Milan ២ពិន្ទុនឹងឈានទៅប្រកួតថ្ងៃចុងក្រោយនៃរដូវកាល Serie A ខណៈដែលក្រុមទាំង២បានឈ្នះដូចគ្នាកាលពីថ្ងៃអាទិត្យ។ ការនាំមុខ២ពិន្ទុនេះធ្វើឲ្យក្រុមទាំង២នៅតែប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការគ្រងជើងឯកអុីតាលី Serie A រដូវកាលនេះ។
គ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Theo Hernandez បានបិទការទទួលជ័យជម្នះ ២-០ របស់ AC Milan លើក្រុមភ្ញៀវ Atalanta ដើម្បីធ្វើឱ្យពួកគេឡើងទៅលើកំពូលតារាងក្របខ័ណ្ឌ Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ។ គ្រាប់បាល់ទី២របស់ខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំងរូបនេះបានបង្កឱ្យមានការអបអរសាទរយ៉ាងក្លៀវក្លានៅឯកីឡដ្ឋាន San Siroខណៈដែលកីឡាករ Rafael Leao បានស៊ុតបញ្ចូលទីគ្រាប់ទី១នៅនាទីទី៥៦។
ក្រុម AC Milan នឹងត្រូវប៉ះក្រុម Sassuolo នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ ហើយប្រសិនបើក្រុម AC Milan ឈ្នះនឹងឈ្នះជើងឯកអុីតាលី Serie A នៅរដូវកាលនេះ។
ចំណែកក្រុមភ្ញៀវ Inter Milan បានយកឈ្នះក្រុមម្ចាស់ផ្ទះ Cagliari ក្នុងលទ្ធផល៣ទល់១ ដែលធ្វើឲ្យក្រុមនេះកំពុងតាមប្រកិតនឹងក្រុម AC Milan ក្នុងការឈ្នះពានរដូវកាលនេះ។ ៣គ្រាប់របស់ក្រុម Inter Milan រកបានដោយកីឡាករ Darmian នៅនាទីទី២៥ និង២គ្រាប់ទៀតរកបានក្នុងតង់ទី២ ដោយកីឡាករ Martinez នៅនាទីទី៥១ និងនៅនាទីទី៨៤។ ចំណែកក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់សងវិញដែរនៅនាទីទី៥៤ដោយកីឡាករ Lykogiannis ។
លទ្ធផលនេះធ្វើឲ្យក្រុម Inter Milan ឈរលេខរៀងទី២ មាន៨១ពិន្ទុ និងគ្រាប់បាល់ចំណេញ៤៩គ្រាប់ ខណៈដែលក្រុម AC Milan ឈរកំពូលតារាងមាន៨៣ពិន្ទុ ជាមួយគ្រាប់បាល់ចំណេញ៣៥គ្រាប់។ ក្រុមទាំង២នៅសល់ម្នាក់១ប្រកួតទៀតដែលនឹងចប់រដូវកាល២០២១-២០២២នេះ ដោយក្រុម AC Milan នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Sassuolo នៅថ្ងៃទី២២ ខែឧសភា ខណៈដែលក្រុម Inter Milan នឹងត្រូវប៉ះក្រុម Sampdoria នៅថ្ងៃទី២២ ឧសភានេះដែរ។ ប្រសិនបើក្រុម AC Milan ស្មើ ហើយ Inter Milan ឈ្នះ នោះInter Milan នឹងលើកពាន ប៉ុន្តែបើសិនជា AC Milan ឈ្នះនោះនឹងលើកពានឆ្នាំនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)