ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តីដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ០២

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយ មានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២៖

របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត,ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ខែឧសភាឆ្នាំ២០០៨ ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោក សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៣រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមកលោកអង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានអញ្ជើញឡើងស្រាយបំភ្លឺជូនអង្គ ប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ។ សេចក្តីព្រាង ច្បាប់នេះត្រូវបានលោក គង់ សារាជ ប្រធានគណៈកម្ម ការទី៩ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គ ប្រជុំព្រឹទ្ធសភាបានជ្រាបអំពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូប ឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសក កម្ម ពិសេស អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញឡើងស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែ ប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ដោយ៖ សូរិយា


ចែករំលែក៖