ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីជាមួយគ្នា ដល់ពេលស្រវឹងខឹងគេជេរដល់ពូជស្ទុះទៅវាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានស្ទុះទៅវាយគេពេលឮគេជេរប្រមាថខ្លួនដល់ពូជខណៈដែលកំពុងផឹកសុីស្រវឹងជាមួយគ្នា។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។

    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះយ៉ាន កុសល អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។  ចំណែកជនរងគ្រោះមានឈ្មោះ យ៉ាន រ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ត្រូវជនសង្ស័យវាយនឹងដៃត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសដេរចំនួន០២ថ្នេរ និងរលាត់ស្បែកត្រង់ជើងសក់ខាងស្តាំប្រវែង០២សង់ទីម៉ែត្រនិងដាច់ស្បែកត្រចៀកស្តាំប្រវែង២សង់ទីម៉ែត្រត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

    តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយរីករាយ។ក្រោយមកស្រាប់តែមានជម្លោះពាក្យសម្តីគ្នាព្រោះតែភាគីជនដៃដល់ខឹងជនរងគ្រោះជេរដៀលដល់ពួជខ្លាំងពេកមិនអាចទទួលយកបានក៏ស្ទុះទៅវាយទាំងកំរោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារចេញមកធ្វើអន្តរាគមន៍និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យយ៉ាន កុសល បានឆ្លើយសារភាពថា ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះប្រាកដមែនដោយខ្លួនស្រវឹងស្រាផងហើយខឹងជនរងគ្រោះជេរដៀលពូជផង។

    ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖