នៅថ្ងៃទី២៥ខែឧសភា អង្គការសុខភាពពិភពលោក WHO បានកោះប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាពីការទប់ស្កាត់ជំងឺអុតស្វា ដែលបង្កឡើងដោយវីរុស ហើយបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល ។ នៅពេលនេះ ជំងឺអុតស្វាបានកើតមាននៅអឺរ៉ុប និងអាមេរិកខាងជើង ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា ឬ Monkeypox ដែលជាទូទៅច្រើនកើតមាននៅតាមកន្លែងដាច់ស្រយាល នៃតំបន់អាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្តាល បន្ទាប់ពីករណីឆ្លងកើនដល់ជាង ១០០ករណី ត្រូវបានគេរកឃើញនៅទ្វីបអឺរ៉ុប។
នៅក្នុងអ្វីដែលអាល្លឺម៉ង់បានពិពណ៌នាថា ជាការផ្ទុះឡើងនូវជំងឺអុតស្វាដ៏ធំបំផុតនៅទ្វីបអឺរ៉ុបមិនធ្លាប់មាន, ករណីឆ្លងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួន៩ ដូចជា
បែលហ្ស៉ិក បារាំង អាល្លឺម៉ង់ អ៉ីតាលី ណេដឺឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ថែមទៀត។
ជំងឺអុតស្វា ត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅលើសត្វស្វា។ ជំងឺនេះជាធម្មតាឆ្លងតាមរយៈ ការធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ប៉ុន្តែកម្រឆ្លងរីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់ ដូច្នេះករណីឆ្លងថ្មីៗទាំងនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះនឹងវិវត្តទៅជាជំងឺឆ្លងរាតត្បាតដូចជាជំងឺ COVID-19 នោះទេ ដោយសារតែវីរុសនេះមិនឆ្លងរីករាលដាលយ៉ាងងាយស្រួលដូចវីរុស SARS-COV-2 ឡើយ។ ជំងឺអុតស្វាគឺជាជំងឺឆ្លងដ៏កម្រ ដែលជាធម្មតាវាមានកម្រិតស្រាល និងមានរោគសញ្ញាដូចជា គ្រុនក្តៅ ក៏ដូចជាកន្ទួលរមាស់ប្លែកៗ ហើយមនុស្សភាគច្រើន អាចជាសះស្បើយឡើងវិញ ក្នុងរយៈពេលត្រឹម ២-៣សប្តាហ៍។
កិច្ចប្រជុំខាងលើរបស់អង្គការ WHO ធ្វើឡើងដោយក្រុមប្រឹក្សាយុទ្ធសាស្ត្រ និងបច្ចេកទេសស្តីពីគ្រោះថ្នាក់នៃជំងឺឆ្លងដែលមានសក្តានុពលវិវត្តទៅជាជំងឺឆ្លងរាតត្បាត (STAG-IH) ដែលមានតួនាទីផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងដែលអាចបង្កការគំរាមកំហែងដល់សុខភាពពិភពលោក៕ ដោយ៖ ធីរីណា
រូបថត៖ WHO