ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅតាមលំដាប់លេខរៀងនៃឃុំ សង្កាត់របស់ខ្លួន

ចែករំលែក៖

ខេត្ត​ស្វាយរៀង ​៖​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

នាឱកាសនោះ​ដែរ​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​ ព្រមទាំងក្រុមការងារក៏បានអញ្ជើញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកានៅតាមបណ្តា ឃុំ សង្កាត់ ចំណែកឯរសៀលនេះ នឹងបន្តចុះជួបសំណេះសំណាលបន្ថែមទៀត ។ 

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន  សែន  ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ បានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ តាមរយៈ ការស្រោចវ៉ាក់សាំង តាមអភិក្រម ផ្ការីក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបន្តជម្រុញល្បឿននៃការកសាង អភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ដើមី្បថែរក្សា ការពារនូវរាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្សបន្ថែមទៀត ។

សូមសមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមាន សញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំ សង្កាត់របស់ខ្លួន៕

ដោយ​៖សហការី​


ចែករំលែក៖