ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ

ចែករំលែក៖

ខេត្តកំពត ៖ នៅក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត បានបើកយុទ្ធនាការឃោសនាដោយមានសមាជិកសមាជិកាជាងមួយពាន់នាក់បានចូលរួមដង្ហែក្បួនដោយមានក្បួនរថយន្តនិងក្បួនម៉ូតូយ៉ាងគគ្រឹកគគ្រេងក្នុងសង្កាត់ទាំង ៣ របស់ក្រុងបូកគោ។ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោដែលដឹកនាំក្បួនឃោសនាបោះ ឆ្នោតនៅសង្កាត់កោះតូច ក្រុងបូកគោ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យជូនជាតិនិងមាតុភូមិ។ លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អ្វីៗដែលកម្ពុជាយើងមានការរីកចម្រើនគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញ ទំហឹងពីបងប្អូនប្រជាពលរដ្ឋកម្ពុជា។ 

ក្រៅពីការចាក់សារឃោសនានានា លោក នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋនិងសមាជិកសមាជិកាគណបក្សអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា បានកសាងឡើងចាប់តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ ដោយគូសបញ្ជាក់ថា៖«គណបកក្សប្រជាជនកម្ពុជាធ្វើអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់ កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជា ជនកម្ពុជាបានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។  គណបក្សប្រជាជនកម្ពុជាបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។ 

លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្រៅពីសមិទ្ធផលជាប្រវត្តិសាស្ត្រធំក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាព រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានគិតគូរនិងបម្រើផលប្រយោជន៍ពលរដ្ឋគ្រប់កាលៈទេសៈនៅជាប់នឹងប្រជាពលរដ្ឋ ហើយក្នុងពេលប្រឈមនឹងជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ដោយដាក់ចុះនូវនយោបាយ វ៉ាក់សាំងធ្វើឱ្យកម្ពុជាមានភាពស៊ាំក្នុងសង្គម ទប់ស្កាត់បានការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ព្រមទាំងផ្តល់នូវការគាំពារសង្គមដល់ប្រជាពលរដ្ឋ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នេះគឺជាបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។ 

ជាមួយគ្នានេះដែរ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹកកសាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀតដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជន បន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបន្ថែមទៀត។ #កម្ពុជា #ហ៊ុនសែន #គណបក្សប្រជាជនកម្ពុជា #ការបោះឆ្នោត #សន្តិភាព #ការអភិវឌ្ឍ ៕

ដោយ ៖ សហការី


ចែករំលែក៖