ខេត្តកំពង់ចាម ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងពីសារៈសំខាន់នៃជ្រើសរើសគណបក្សមកដឹកនាំប្រទេស ដោយចាត់ទុកការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។ បន្ទាប់មកទើបត្រូវការអ្នកសាងសង់ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបានភាពនូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា៖ «សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប»។ លោកបានបន្ថែមថាអស់រយៈពេលជិត ៧១ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជន ផ្ដួលរំលំរបបអាវខ្មៅប៉ុលពត នាំមកនូវសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងគណបក្សក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។ លោកបណ្ឌិតបានថ្លែងបាននេះក្នុងពេលជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា, គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់ ។
សូមបញ្ជាក់ថា, ទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២២-២០២៧
គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំ សង្កាត់ ឱ្យបានសម្រេចជោគជ័យតាមទិសដៅដូចខាងក្រោម ៖
១-ជាឃុំ សង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព
២-ជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ
៣-ជាឃុំ សង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត -ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្តការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ
-កុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នាប្រកបដោយសមធម៌ និងគុណភាព ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ
-ការបង្កឱកាសគ្រប់យ៉ាងឱ្យកុមារ និងយុវជនបានចូលរៀន និងការបង្កើតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាជន
-ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរឡើងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយចូលរួម
យ៉ាងសកម្មក្នុងការលើកកម្ពស់របៀបរស់នៅតាមកន្លងថ្មី។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវា
ពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ
-គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍កាន់តែច្រើន និងកាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែប្រសើរឡើង, មានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព, មាន បរិស្ថានបៃតង អនាម័យស្អាត, មានការការពារ ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព
-បន្តមិនយកពន្ធដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារ គ្មានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច
៤-ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីក មុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និង សិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋលើថ្លៃលក់កសិផលរបស់ជា ពលរដ្ឋដោយរក្សាបានសេដ្ឋកិច្ចទីផ្សា និងសន្តិសុខសង្គម។ អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬអ្នកដទៃ
៥-ជាឃុំ សង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជង គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត
៦-ជាឃុំ សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ
៧-ជាឃុំ សង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានា ការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន៕
ដោយ ៖ សុខ ខេមរា