ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន CROWN AGENTS JAPAN LIMITED នៅថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន CROWN AGENTS និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្តីពីការអនុវត្តគម្រោងបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ នៅទីបញ្ជាការCMACភ្នំពេញ ។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងឱ្យដឹងថា ការអនុវត្តគម្រោងបោសសម្អាតមីនដំណាក់កាលទី២នេះ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ១២.២៦៣.៤៦៥ ដុល្លារអាមេរិក សម្រាប់រយៈពេលចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកនៃកញ្ចប់គម្រោងជំនួយ២០០០លានយ៉េន ដែលរដ្ឋាភិបាលជប៉ុនបានសម្រេវផ្តល់ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពសុីម៉ាក់។
តាមផែនការ គម្រោងនេះនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង៨០០០ហិកតា ក្នុងខេត្តបាត់ដំបង។ គម្រោងនេះមានប្រជាពលរដ្ឋទទួលផលចំនួនប្រមាណ ៦៦.៤០០គ្រួសារ៕
ដោយ៖សហការី