ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឱ្យបងប្អូនកម្មករ និយោជិតនៅទូទាំងប្រទេសបានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនាបានសម្រាកមុន១ថ្ងៃ និងក្រោយថ្ងៃឆ្នោត១ថ្ងៃ

ចែករំលែក៖

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករ និយោជិតនៅទូទាំងប្រទេសបានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា បានសម្រាកមុន១ថ្ងៃ និងក្រោយថ្ងៃបោះឆ្នោត១ថ្ងៃ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយ លោក អុិន វីរជាតិ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងនោះបញ្ជាក់ថា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ

    កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការឈប់សម្រាករបស់បងប្អូនកម្មករនិយោជិតដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

យោង ៖- លិខិតលេខ៥៨៧/២២ ក.ប/ខ.ល ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

   – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

   សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះ ឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកជ្រាបនឹងចាត់ចែងអនុវត្ត ៕

                                   

ដោយ ៖ សិលា


ចែករំលែក៖