ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា នឹងមិនអាចបញ្ចប់សង្គ្រាមបានឡើយប្រសិនបើមិន
មានកិច្ចពិភាក្សាជាន់ខ្ពស់រវាងប្រទេសទាំងពីរ រុស្ស៊ី-អ៊ុយក្រែន។
នៅថ្ងៃទី២៤ខែឧសភា ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថា ប្រធានាធិបតីពូទីនគឺជាមន្ត្រីរុស្ស៊ីតែមួយគត់ដែលលោកអាចពិភាក្សាជាមួយបានដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលនេះ។
ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអង្គារនេះថា វិបត្តិនៅអ៊ុយក្រែនជាបញ្ហាសកលមិនមែនជាបញ្ហាតំបន់នោះទេ។
លោក បៃដិន បាននិយាយថា «នេះលើសពីបញ្ហានៅតំបន់អឺរ៉ុបទៅទៀត។ វាជាបញ្ហាសកល។ លោក បៃឌិន បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងប្ដេជ្ញាឈរជាមួយ «ដៃគូ» របស់ខ្លួន ដើម្បីឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដោយលោកបានបន្ថែមថា «ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព»។
លោក បៃឌិន កំពុងជួបជាមួយមេដឹកនាំផ្សេងទៀតនៃក្រុមប្រទេស Quad ដូចជាជប៉ុន អូស្ត្រាលី និងឥណ្ឌានៅទីក្រុងតូក្យូ ជាផ្នែកមួយនៃថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់តំបន់អាស៉ីជាលើកដំបូងរបស់លោក ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN