ព័ត៌មានទាន់ហេតុការណ៍៖

តើគួរតែចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វាដែរឬទេ?

ចែករំលែក៖

តាមការលើកឡើងរបស់លោក Richard Pebody ប្រធានក្រុមជំនាញជំងឺឆ្លងរបស់ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វិធានការការពារគឺត្រូវរក្សាអនាម័យដែលអាចជួយទប់ស្កាត់ការឆ្លងរាលដាលបានល្អបំផុត ។ ចំណែកការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺអុតស្វាគឺមិនទាន់ជារឿងសំខាន់នៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការផ្ទុះឡើងនូវជំងឺអុតស្វា (monkeypox) ក្នុងពេលបច្ចុប្បន្ន មិនទាន់តម្រូវឱ្យមានការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំជាបន្ទាន់នោះទេ ខណៈដែលវិធានការមួយចំនួនដូចជា ការរក្សាអនាម័យ នៅតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺមួយនេះ។
លោក Richard Pebody ដែលជាប្រធានក្រុមប្រយុទ្ធប្រឆាំងវីរុសរបស់ WHO ប្រចាំតំបន់អឺរ៉ុប បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ កាសែតReuters នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយថា ខ្លួននឹងបញ្ចេញវ៉ាក់សាំង ជីននេអូស (Jynneos) សម្រាប់ប្រើប្រាស់បង្ការករណីជំងឺអុតស្វា។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងវាយតម្លៃលើជម្រើសចាក់វ៉ាក់សាំងបង្ការ ខណៈដែលចក្រភពអង់គ្លេសបានផ្ដល់វ៉ាក់សាំងបង្ការមួយចំនួនទៅឱ្យបុគ្គលិកសុខាភិបាលហើយ។
អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង កំពុងធ្វើការស៊ើបអង្កេតលើករណីសង្ស័យនៃជំងឺអុតស្វា ច្រើនជាង១០០ករណី ហើយក៏បានទទួលស្គាល់ពីការរកឃើញករណីជំងឺឆ្លងមួយនេះរាប់សិបករណីផងដែរ។ ជំងឺអុតស្វាត្រូវបានគេរាយការណ៍ថាមានប្រភពដើមចេញមកពីតំបន់អាហ្វ្រិក តែមិនទាន់មានការបញ្ជាក់ថា តើវីរុសនេះអាចបំប្លែងខ្លួនបានឬក៏យ៉ាងណានោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ PLVN


ចែករំលែក៖