ភ្នំពេញ៖ លេចការចាប់អារម្មណ៍ជាថ្មីទៀតហើយគឺបន្ទាប់ពីករណីនៃការប្រើប្រាស់រូបថតបុរសសង្ហា និងស្រីស្អាត ពិសេសរូបថតរបស់សិល្បករត្រូវបានជនឆបោកបានយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបានប្រើប្រាប់ល្បិចលួងលោមដោយការខ្ចីប្រាក់ទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ ករណីថ្មីចុងក្រោយបានកើតមានឡើងទៅលើតារាសម្តែងស្រស់សង្ហាលោកព្រីន តែម្តង ហើយមាននារីមួយចំនួនបានផុងខ្លួនចាញ់បោកប្រាក់ជនទាំងនោះអស់ម្នាក់ៗរាប់លានរៀន និងរាប់ពាន់ដុល្លារ និងរបស់ទ្រព្យមួយចំនូនទៀត។
ករណីនេះត្រូវបានទម្លាយឡើងបន្ទាប់ពីមាននារីជាច្រើនបន្តបន្ទាប់បានឆាតទៅកាន់គណនីហ្វេសប៊ុកពិតប្រាកដរបស់តារាសម្តែងរូបនេះដើម្បីទាមទារប្រាក់ដែលពួកគេធ្លាប់បានផ្ញើឲ្យ។ ប៉ុន្តែគេមិនបានដឹងនៅឡើយទេតើអ្វីដែលជាទំនុកចិត្តរហូតដល់ថ្នាក់ឲ្យនារីៗទាំងនោះផុងខ្លួនផ្ញើប្រាក់ឲ្យគេអស់ម្នាក់ៗមិនចេះតិច ដែលក្នុងនោះក៏មានអ្នកខ្លះដឹងដែរថា ជារូបរបស់តារាសម្តែងល្បីឈ្មោះ ហេតុអ្វីដល់ថ្នាក់ធ្លាក់ខ្លួនខ្ចីប្រាក់គេតាមហ្វេសប៊ុក ហើយគេមិនដឹងនៅឡើយថាតើហេតុអ្វីបានជានារីៗជាច្រើននៅតែបណ្តោយឲ្យខ្លួនចាញ់បោកគណនីហ្វេសប៊ុកក្លែងកា្លយបែបនេះ។ មិនត្រឹមតែប្រាក់ប៉ុណ្ណោះទេនារីខ្លះក៏បានទាំងចាញ់បោកអស់ទ្រព្យផងដែរ។
ទោះជាយ៉ាងណានេះមិនមែនជាករណីដំបូងទេដែលត្រូវបានទម្លាយឡើយពោលគឺមានករណីជាច្រើនបន្តបន្ទាប់ធ្លាប់កើតមានឡើងទៅលើតារាសម្តែងស្រស់សង្ហាមួយចំនួនដែលត្រូវបានគេយករូបថត និងវីដេអូទៅប្រើប្រាស់ក្នុងការបោកប្រាស់ប្រាក់ និងទ្រព្យរបស់អ្នកដទៃ ដោយជនទាំងនោះបានទាំងយកវីដេអូនៃការLive របស់តារាសម្តែងទៅប្រើប្រាស់ដោយការខលជាដើមដើម្បីឲ្យនារីៗទាំងនោះជឿជាក់ថាជាគណនីពិតប្រាកដ។
គេដឹងដែរថានៅមានបុរសនារីជាច្រើននាក់ទៀតដែលបានចាញ់បោកប្រាស់របស់ទ្រព្យទៅកាន់ជនឆបោកប៉ុន្តែមិនបានចេញមុខព្រោះតែការខ្មាសអៀន ហើយនេះក៏មិនមែនជាករណីដំបូងនោះដែរដែលលេចចេញរឿងរ៉ាវបែបនេះនៅលើបណ្តាញសង្គម៕
ដោយ ៖ វឌ្ឍនា