ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នាថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុង Hokota នៃខេត្ត Ibaraki ដែល មានកម្មសិក្សាការី និងពលករជំនាញកម្ពុជា កំពុងទទួល ការបណ្តុះបណ្តាល និងធ្វើការនៅក្នុងខេត្តនេះ។ ក្នុងឱកាសនោះ លោកបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Kishida Kazuo អភិបាលក្រុង ស្តីពីការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់សាលាក្រុង Hokota បន្តគាំទ្រការទទួលយកការបណ្តុះ បណ្តាល និងផ្តល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញខ្មែរ អោយបានច្រើន និងកាន់តែរលូនថែមទៀត។ លោកអភិបាលក្រុងក៏បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ដើម្បីបង្កើនចំណងមិត្តភាពអោយកាន់តែជិតស្និទ្ន។
បន្ទាប់មកទៀត លោកអភិបាលក្រុងបានអញ្ជើញ លោកឯកអគ្គរាជទូត ទស្សនា និងស្វែងយល់អំពីចង្វាក់ផលិតកម្ម និងរចនាសម្ព័ន្ធនៃការប្រមូលផលិតផលផ្លែមើឡុងដែលមានគុណភាពល្អជាងគេក្នុងប្រទេសជប៉ុននៅមន្ទីរប្រមូលផលិតផលកសិកម្មក្នុងទីក្រុងរបស់ខ្លួន។
នៅថ្ងៃដដែល លោក ឯកអគ្គរាជទូតក៏ត្រូវបានទទួលស្វាគមន៍ផងដែរដោយថ្នាក់ដឹកនាំនៃសមាគម Sainokuni Takumi Business Cooperative Association ដើម្បីពិភាក្សាស្តីពី “ការជម្រុញ និងលើកទឹកចិត្តបង្កើនការជ្រើសរើស កម្លាំងពលកម្មកម្ពុជាមកធ្វើការ នៅក្នុងខេត្ត Ibaraki អោយកាន់តែច្រើន” ។
លោកក៏បានជួបពិភាក្សា និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាល Kouryu Chuushin Technical Intern Training Center ផងដែរ ដែលបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់កម្មសិក្សាការី កម្ពុជា ចំនួន២៩ នាក់ (ស្រី ១៨ នាក់) និងបានលើកទឹកចិត្តដល់សមាគមខាងលើ ពិនិត្យលទ្ធភាពបង្កើនចំនួនកម្មសិក្សាការីកម្ពុជា មកទទួលការបណ្តុះបណ្តាលឲ្យកាន់តែច្រើនថែមទៀត ក្នុងគោលបំណងពង្រឹកទីផ្សារកម្លាំងពលកម្មកម្ពុជានៅក្នុងប្រទេសជប៉ុនអោយកាន់តែទូលំទូលាយ។
ជាមួយគ្នានេះដែរ លោកក៏បានជួបសំណេះសំណាល និងណែនាំដល់កម្មសិក្សាការីខ្មែរចំនួន ២៩ នាក់ ដែលកំពុងទទួលការបណ្តុះ បណ្តាល នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស Kouryu Chuushin នៃក្រុង Hokota និងបានចុះជួបសំណេះសំណាល និងណែនាំពលករជំនាញ ចំនូន ៨ នាក់ (ស្រី ០៤ នាក់) ដែលកំពុងធ្វើការនៅតាមកសិដ្ឋាន អោយខិតខំធ្វើការ, សិក្សារៀនសូត្រ, អភិវឌ្ឈន៍សមត្ថភាព និងជំនាញ និងជាពិសេស គោរពច្បាប់ប្រទេសជប៉ុន ដែលមានជាធរមាន នៅក្នុងឱកាសធ្វើការនៅក្នុងប្រទេសនេះ ព្រមទាំងបានជម្រាប ជូនផងដែរអំពីយន្តការផ្តល់ សេវាគាំពារដោយស្ថានទូតកម្ពុជា ក្នុងរយៈពេលធ្វើការ និងស្នាក់នៅរបស់ពួកគេក្នុងប្រទេសជប៉ុន ៕
ដោយ ៖ សិលា