រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា មាន២០ប្រទេស បានសន្យាផ្តល់ជំនួយអាវុធឱ្យទៅប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ។
មានប្រទេសចំនួន៤០ បានជួបប្រជុំគ្នាតាមអនឡាញស្តីពីការជួយដល់អ៊ុយក្រែនក្នុងការទប់ទល់សង្គ្រាមវាយប្រហារពីរុស្ស៊ី ក្នុងនោះមាន២០ ប្រទេសបានសន្យាផ្តល់ជំនួយ។ នៅក្នុងជំនួបពិភាក្សាថ្នាក់មន្ត្រីការពារជាតិ លោក Lloyd Austin បានបង្ហាញពីរបាយការណ៍ស្តីពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមប្រទេសទាំងនោះបានសន្យាផ្តល់ជំនួយរថក្រោះ កាំភ្លើងធំ រថពាសដែកជាដើម ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អ៊ុយក្រែនបានយកខ្មោចរថក្រោះរុស្ស៉ីដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន។
សារព័ត៌មាន Telegraph នៅថ្ងៃអង្គារទី២៤ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា ខ្មោចរថក្រោះមួយចំនួនរបស់រុស្ស៉ី ត្រូវបានដាក់តាំងបង្ហាញនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈដែលទីក្រុងនេះ បាននិងកំពុងបន្តវិលទៅរក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីរុស្ស៉ីបានដកថយចេញពីតំបន់នៅជុំវិញនោះ។
ប្រជាជនអ៊ុយក្រែន ដែលរស់នៅក្នុងទីក្រុងកៀវបាននាំគ្នាទៅទស្សនាក៏ដូចជាថតរូបភាពខ្មោចរថក្រោះទាំងនោះដែលត្រូវបានដាក់តាំងពិព័រណ៍នៅឯទីលាន សេន មីឈែល (Saint Michael) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពួកវាស្ថិតក្នុងផ្នែកនៃការវាយប្រហារ ដែលបានប៉ុនប៉ងមកលើរដ្ឋធានីរបស់អ៊ុយក្រែន ប៉ុន្តែទទួលបរាជ័យ។
បច្ចុប្បន្នសញ្ញានៃប្រក្រតីភាព បាននិងកំពុងត្រឡប់មកវិញហើយ នៅទីក្រុងកៀវ អំឡុងប៉ុន្មានសប្តាហ៍មកនេះ ដោយបម្រាមគោចរមានរយៈពេលខ្លីជាងមុន, អាជីវកម្មត្រូវបើកដំណើរការឡើងវិញ ហើយបរទេសក៏បាននាំគ្នាបញ្ជូនមន្រ្តីទូតពួកគេត្រឡប់មកវិញផងដែរ។
ក្នុងរយៈពេលជាង១២សប្តាហ៍ ក្រោយការឈ្លានពានរបស់រុស្ស៉ី កងទ័ពអ៊ុយក្រែនបានរារាំង ការប៉ុនប៉ងក្នុងការដណ្តើមយកទីក្រុងកៀវ និងទីក្រុង ខាកៀវ ដែលនៅភាគខាងជើង ប៉ុន្តែឥឡូវរុស្ស៉ីកំពុងផ្តោតការវាយប្រហារយ៉ាងចាស់ដៃនៅតំបន់ដុនបាស់ ដែលនៅភាគខាងកើត ព្រមទាំងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត៖ AP)