ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក៏មានម៉ូតូស៊េរីទំនើបឆ្នាំ២០២២ជាច្រើនគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករកម្មការិនីនាំគ្នាជួយដងទឹកចាក់និងបាញ់ពន្លត់អគ្គិភ័យនេះ ហើយប្រញាប់រាយការណ៍ទៅសមត្ថកិច្ចផងដែរ តែយឹតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះក្នុងរោងចក្រស៊ីកូ ដោយមិនដឹងពីមូលហេតុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។
បើយោងតាមសេចក្តីរាយការណ៍ពីកម្មករកម្មការិនីបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ម៉ូតូអស់សរុប៤១គ្រឿងឆេះម៉ត់៣០គ្រឿង ឆេះរោលស្រាល១១គ្រឿង នៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាធេន ក្រុងបាវិត។
ប្រភពពីកម្មករ កម្មការិនីដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុកម្មកររោងចក្របានចូលធ្វើការជាធម្មតាស្រាប់តែមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលតែម្ដង ខណៈនោះក៏មានសន្តិសុខបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទៅលើម៉ូតូដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង។
រហូតដល់ម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់អស់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជាខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុ ដែលនាំឱ្យមានអគ្គិភ័យឆាបឆេះអស់ម៉ូតូជាច្រើនគ្រឿងផងដែរ ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់នោះ៕
ដោយ៖យឹម សុថាន