ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហើយម្នាក់ទៀតរងរបួសធ្ងន់ខណៈម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២នៅលើផ្លូវលេខ១៤៤០ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា,ជនរងគ្រោះទី១មានឈ្មោះ ដោន ខាវ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BD-8849 បើកបរក្នុងទិសដៅពីជើងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1T-2582។ អ្នកបើកបរឈ្មោះ ជុយ សូ ភេទប្រុស អាយុ២១ឆ្នាំរងរបួសធ្ងន់ រស់នៅភូមិត្រពាំងមៀន ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកំពុងបើកបរបញ្ច្រាសទិសគ្នា។

សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូទាំងពីរគ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្នាយរង់ចាំដោះសាយនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖