ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសឪពុកចុងដាក់ពន្ធនាគារ២០ឆ្នាំ ករណីឃាតកម្មសម្លាប់កូនអាយុ២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ សុខ រដ្ឋា  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ  មានទីលំនៅផ្ទះជួល  ផ្លូវលំ  ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពីបទ ឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងជនរងគ្រោះអនីតិជន។

សូមបញ្ជាក់ថា ករណីនេះកើតហេតុ នៅត្រង់ចំណុចផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៣៖១៥នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ រដ្ឋា  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ (មានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ នន  ស្រីនិច  ភេទស្រី  អាយុ ០២ ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី  សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។ 

ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ បាននៅក្នុងផ្ទះជួលតែ២ នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងចាក់ភ្នែកជនសង្ស័យ ធ្វើឱ្យជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះទៅឲ្យជីតារបស់នាងឈ្មោះ ម៉ី ថុល ភេទប្រុស អាយុ៦៦ឆ្នាំ ដោយភូតកុហកថារូបគេរអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសាកសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ ពេលនោះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថារូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ 

បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ 

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖