ខេត្តបាត់ដំបង ៖ មានករណីហិង្សាមួយបានកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសង្កែបានឲ្យដឹងថា ករណីនេះបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានយកខ្នងពូថៅវាយទៅលើជនរងគ្រោះឈ្មោះ អ៊ិត សុភុនវាសនា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសភ្នែកខាងឆ្វេងចេញឈាមហើយបានគេចខ្លួន ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងនិងមានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងក្នុងអង្គភាពបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកខ្នងពូថៅវាយទៅលើជនរងគ្រោះរហូតមានរបួសប្រាកដមែន ដោយសារផឹកស្រាស្រវឹងមានជម្លោះក្នុងវង់ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងពូថៅ១ដើមជាភស្តុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌស្រុកសង្កែកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ ៖ ប្រាថ្នា