រដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី នឹងបន្តយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីរងគំនាប ក៏ដូចជាការផ្តល់អាវុធពីបណ្តាប្រទេសលោកខាងលិច ឲ្យទៅអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំ ថ្នាក់មន្ត្រីការពារជាតិ នៅក្នុងអង្គការសន្តិសុខរួម (CSTO) កាលពីថ្ងៃទី ២៤ខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី បន្តសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារនេះថារុស្ស៉ីមានចេតនាបង្អន់ល្បឿនវាយលុក របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទុកឱកាសឱ្យជនស៊ីវិលជម្លៀសខ្លួន ខណៈបណ្ដាប្រទេសលោកខាងលិចអះអាងថាកងទ័ពរុស្ស៉ី កំពុងជាប់គាំងស្ទើរតែគ្រប់សមរភូមិ រួមទាំងនៅក្នុងតំបន់ដុនបាស់។
លោក Sergei Shoigu ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រុស្ស៉ី ជាមួយការសង្កត់ធ្ងន់ថាការបង្អន់ល្បឿនវាយលុក ធ្វើឡើងដោយចេតនា សំដៅបញ្ចៀសគ្រោះថ្នាក់ស្លាប់ ឬរងរបួសនៅក្នុងចំណោមជនស៊ីវិល។
ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូបនេះ បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ការបង្អន់ល្បឿនវាយលុកនេះធ្វើឡើងដោយចេតនា ដើម្បីបញ្ចៀសគ្រោះថ្នាក់ស្លាប់ ឬរងរបួស នៅក្នុងចំណោមជនស៊ីវិល»។ លោក សយហ្គូ បន្ថែមទៀតថា «បទឈប់បាញ់ជាច្រើនត្រូវបានប្រកាសឡើង រីឯច្រកផ្លូវមនុស្សធម៌កំពុងត្រូវបាន បង្កើតឡើង ក្នុងគោលបំណងជម្លៀសជនស៊ីវិលទៅរកកន្លែងមានសុវត្ថិភាព»។
តែទោះជាបែបនេះក្ដី, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចំអកថាការអត្ថាធិប្បាយរបស់លោក សឺហ្គៃ សយហ្គូ គឺជាពាក្យសម្ដីកុហក និងគួរឱ្យអាណិត ដើម្បីបិទបាំងការខូចខាតធ្ងន់ធ្ងររបស់កងទ័ពរុស្ស៉ី តែប៉ុណ្ណោះ៕ ដោយ៖ ធីរីណា
រូបថត ៖ PAP/TTXVN