ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងការចូលរួមពីលោក លោកស្រីស្នងការរងទទួលផែនគ្រប់ផែន អង្គភាព នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក ប្រធានក្រុមចំរុះចុះជួយប៉ុស្តិ៍រដ្ឋបាល ចុះប្រចាំការតំបន់ទេសចរណ៍គ្រប់ក្រុម និងនាយបុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន៧៩នាក់។
បន្ទាប់ពីបានត្រួតពិនិត្យវត្តមាន ស្តាប់របាយការណ៍អំពីកិច្ចប្រតិបត្តិការលទ្ធផលការងារប្រចាំខែ និងការចូលរួមមតិពីសមាជិកអង្គប្រជុំរួចមក។
លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលយើងរួមគ្នាសម្រេចបានកន្លងមក និងបានបន្តណែនាំឱ្យគ្រប់អង្គភាពខិតខំពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារការពារយុទ្ធនាការឃោសនា និងការពារដំណើរការបោះឆ្នោតថ្ងៃ០៥ ខែឧសភា ២០២២ ខាងមុខ ដើម្បីធានាបរិយាកាសល្អសំរាប់ការបោះឆ្នោត ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងការប្រកាសលទ្ធផលផ្លូវការ។
បន្ថែមពីនេះលោកស្នងការ ក៏បានណែនាំឱ្យខិតខំពង្រឹងវិន័យ វេនប្រចាំការ ប្រចាំបញ្ជា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ៕
ដោយ៖សហការី