ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមក្រុមការងារសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកតំបែរជាមួយក្រុមកាកបាទក្រហមឃុំចុងជាច ព្រមទាំងសហការីទៅចូលរួមរំលែកទុក្ខគ្រួសារសពកុមារី ថា ស៊ីយ៉ា អាយុ១៤ឆ្នាំ ដែលបានស្លាប់បាត់បង់ជិវិតដោយសារលង់ទឹករណ្ដៅដីនៅកន្លែងធ្វើថ្នល់ មានអាសយដ្ឋាននៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយករង បានពាំនាំសារពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាខេត្ត និងលោក ជា សុផារ៉ា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ ដែលត្រូវជាកូន ជាក្មួយ ជាចៅ ជាបងប្អូន ជាមិត្តភក្តិ។ល។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ឱ្យប្រោសដល់ដួងវិញ្ញាណក្ខន្ធនៃសពខាងលើសូមបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈដែលបានផ្តល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ សិលា