មន្ត្រីរដ្ឋាភិបាលខេត្ត Kherson គ្រប់គ្រងដោយរុស្ស៊ីនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានស្នើដល់រដ្ឋាភិបាលទីក្រុងមូស្គូដាក់ពង្រាយកម្លាំងទាហានដើម្បីធានាសន្តិសុខនៅក្នុងខេត្តនេះ។
សារព័ត៌មាន RIA Novosti បានដកស្រង់សម្តីមន្ត្រីយោធានៅខេត្ត Kherson ដែលបានបញ្ជាក់ថា មានទីតាំងយោធានៅខេត្ត Kherson នឹងធានាដល់សន្តិសុខនៅទីនេះ។
សារព័ត៌មាន RIA Novosti បានផ្សាយថា «ចាំបាច់ត្រូវតែមានទីតាំងយោធារុស្ស៊ីនៅក្នុងតំបន់ Kherson ទើបអាចធានាសន្តិសុខបាន។ យើងសូមស្នើដល់ពលរដ្ឋប្តេជ្ញាពីបញ្ហានេះ ដែលអាចធានាសន្តិសុខដល់យើងបានល្អបំផុត»។
លោក Kirill Stremousov បានបញ្ជាក់ថា តំបន់ Kherson បានក្លាយជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី ។ ប៉ុន្តែលោកបានច្រានចោលព័ត៌មានស្តីពីការបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីក្នុងពេលឆាប់ៗខាងមុខ។
កន្លងមកមន្ត្រីរដ្ឋាភិបាល Kherson បានប្រកាសថា នឹងផ្ញើលិខិតស្នើសុំចូលជាចំណុះប្រទេសរុស្ស៊ី ទៅកាន់ប្រធានាធិបតីពូទីន។ តាមការលើកឡើងរបស់លោក Kirill Stremousov បានប្រកាសថា ខេត្តនេះនឹងគោរពទៅតាមច្បាប់របស់រុស្ស៊ីជាធរមាន។
នៅថ្ងៃទី ១១ខែឧសភា អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានបញ្ជាក់ថា ពលរដ្ឋនៅក្នុងខេត្ត Kherson គួរតែជាអ្នកសម្រេចថាតើគួរតែក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៊ីដែរឬទេ?៕ ដោយ៖ ធីរីណា
រូបថត៖ AP