ភ្នំពេញ ៖ សុន្ទរកថា , របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី ២៧ ស្ដីពី អនាគតរបស់អាស៊ីក្រោមមូលបទ“ ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបកខ្ញែក » ថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ ២០២២, តាមរយៈប្រព័ន្ធវីដេអូ !
ឯកឧត្តម គីស៊ីដា ហ្វឺមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន;
លោក ហាសិបេ តូយ៉ូហ្ស៊ី (Hasebe Tsuyoshi), ប្រធាន និង ជានាយកប្រតិបត្តិក្រុមហ៊ុន នីកកេ;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
ជាបឋម ខ្ញុំសូមអរគុណជូនចំពោះក្រុមហ៊ុននីកកេ (Nikkei) ដែលបានអញ្ជើញខ្ញុំចូលរួមជាថ្មីម្តង ទៀត ក្នុង សន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវ តួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» ។ សន្និសីទនេះ ពិតជាមានសារៈសំខាន់ និង សមស្របបំផុត ទៅនឹងបរិបទបច្ចុប្បន្ន ។
ក្នុងបរិការណ៍ ដែលពិភពលោកបាន និង កំពុងទទួលរងនូវសម្ពាធពីបញ្ហាអស្ថិរភាព, ភាពមិនប្រាកដ ប្រជា និង ជាពិសេសការបែកខ្ញែក, អាស៊ីមានសក្តានុពលខ្ពស់ និង អាចដើរតួនាទីជាតួអង្គស្នួល ក្នុងការ សម្របសម្រួល, តភ្ជាប់ និង ផ្តួចផ្តើមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ក្នុងទិដ្ឋភាពសង្គម និង នយោបាយ, អាស៊ីធ្លាប់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនរហូតដល់ចុងសតវត្សរ៍ទី ២០ ។ នៅក្នុងសតវត្សរ៍ទី ២១នេះ, ទោះបីជាបញ្ហាសង្គម និង នយោបាយនៅបន្តកើតមាន នៅក្នុងប្រទេសមួយចំនួន, អាស៊ីជារួម បានក្លាយជា ទ្វីបមួយ ដែលមានសន្តិសុខ, សន្តិភាព និង ស្ថិរភាព ហើយក៏កំពុងស្ថិតនៅក្នុងដំណើរយ៉ាងលឿនឆ្ពោះទៅរក វិបុលភាពរួម ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺសមិទ្ធផលទាំងនេះសម្រេចបាននៅក្នុងទ្វីបមួយ ដែល មានភាពខុសគ្នា និង ភាពចម្រុះនៃពូជសាសន៍, វប្បធម៌, សាសនា, និន្នាការនយោបាយ និង ប្រព័ន្ធសេដ្ឋកិច្ច។
ជារួម, មូលបទរបស់យើងនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យរួចហើយថា អាស៊ីអាចដើរតួឈានមុខ ក្នុង ការតភ្ជាប់សកលលោកដែលបែកខ្ញែក ជាពិសេសតាមរយៈការចាប់ផ្តើមពីការជំរុញនូវការរួបរួម និង ការលើក កម្ពស់សាមគ្គីភាព និង ការជួយគ្នាទៅវិញទៅមក ។ សាមគ្គីភាពអាស៊ី នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅរកសាមគ្គីភាពសកលលោក ព្រមទាំងជានិមិត្តសញ្ញា និង ភស្តុតាងមួយក្នុងប្រវត្តិសាស្ត្រ ពិភពលោក ដែលបញ្ជាក់ថា សាមគ្គីភាពនឹងនាំមកនូវសន្តិសុខ, សន្តិភាពស្ថិរភាព និង វិបុលភាពរួមគ្នា យ៉ាង ពិតប្រាកដ ទោះបីជាមានភាពខុសគ្នា ឬ ភាពចម្រុះ យ៉ាងណាក្តី ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
បច្ចុប្បន្ន, ពិភពលោកទាំងមូលបាន និង កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន ។ ជាក់ស្ដែង, ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ-១៩. បានថមថយទៅវិញក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ក៏ការងើបចេញពីវិបត្តិ នេះទាំងអស់គ្នា នៅតែជាក្តីស្រមៃមួយនៅឡើយ ហើយវិបត្តិនេះក៏បាននាំមកនូវគម្លាតកាន់តែធំឡើងរវាង ប្រទេសអភិវឌ្ឍ និង ប្រទេសកំពុងអភិវឌ្ឍ ។ ខណៈដែលប្រទេសជាច្រើន, រួមទាំងកម្ពុជា, បានចាប់ផ្ដើមបើក ប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ, យើងសង្កេតឃើញថា នៅមានបណ្តាប្រទេស កំពុងអភិវឌ្ឍមួយចំនួនកំពុងបន្តជួបប្រទះនូវការឆ្លងរាលដាល ក៏ដូចជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំង និង ធនធានចាំបាច់នានា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយប្រទេសខ្លះទៀត ក៏បានធ្លាក់ខ្លួនកាន់តែជ្រៅ ទៅក្នុងវិបត្តិសេដ្ឋកិច្ច និង ចលាចលសង្គម ។
ស្របពេលជាមួយគ្នានេះដែរ , ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កឱ្យបរិយាកាសសន្តិសុខ សកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និង អាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត, ជាពិសេស បច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញនៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, សង្គ្រាមនេះបានបង្ហាញយ៉ាងប្រចក្ស ពីការវិល ត្រឡប់មកវិញ នូវការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាន និងកំពុងធ្វើ ឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និង ការបែងចែកប៉ូលមនោគមវិជ្ជា និង ភូមិសាស្ត្រ នយោបាយ និង ធ្វើឱ្យរដ្ឋតូចៗ ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ ។ ជាការពិត, ការណ៍នឹងបង្កើតនូវផលវិបាកជាច្រើនសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង ។
ជាមួយនឹងការប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងតំបន់ និង ជាសកល, អាស៊ីក៏មានភាព ចាំបាច់ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយបញ្ហាផ្សេងៗទៀតផងដែរ ដូចជា តម្រូវការ ក្នុងការបន្តពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, ការដោះស្រាយនូវផលប៉ះពាល់ដែលបន្សល់ (scarring effects) ពីជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ, ការចាប់យកកាលានុវត្តភាពពីឌីជីថលូបនីយកម្ម ជាដើម ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចតំបន់ឱ្យងើបឡើងវិញ ប្រកបដោយចីរភាព និង បរិយាបន្ន, ជា ពិសេស បន្តធានាបាននូវតួនាទីរបស់អាស៊ី ជាមជ្ឈមណ្ឌលនៃកំណើនរបស់សកលលោក ។
នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើ, ខ្ញុំសូមចែករំលែកនូវមតិ និង យោបល់ ចំពោះកិច្ច ការ និង ទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក ដូច ខាងក្រោម ៖
ទី១៖ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវ, ដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព, ឱ្យ ប្រទេសទាំងអស់គោរពអធិបតេយ្យភាព និង ឯករាជ្យភាព គ្នាទៅវិញទៅមក, រួមទាំងជម្រើសនៃការដឹកនាំ ដែលស្របតាមលក្ខខណ្ឌ និង លក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ។ ទន្ទឹមនេះដែរ, ប្រទេសទាំងអស់ត្រូវ ប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន, ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញ ទៅមក នូវជីវភាពរស់នៅ, ប្រពៃណី, ទំនៀមទំលាប់ និង ប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណ តម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និង បរិយាបន្ន ។
ទី២៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង “កិច្ចសហប្រតិបត្តិការអន្តរជាតិផ្អែក លើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណា មួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្ម ជាឯកតោភាគី, ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្តរជាតិ ព្រមទាំងគោលការណ៍ និង គោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជា ជាតិនោះឡើយ ។
ទី៣៖ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុង តំបន់ ដែលមានលក្ខណៈបើកចំហ, មានតម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។
ទី៤៖ យើងត្រូវបន្តរក្សា និង ពង្រឹងនូវការឯកភាព និង សាមគ្គីភាពរវាងបណ្តាប្រទេសនានាក្នុងទ្វីប អាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព, សន្តិសុខ, ស្ថិរភាព និង ការអភិវឌ្ឍនានា ក្នុង តំបន់ និង ពិភពលោក ។ ក្នុងន័យនេះ, អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការ ចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។ អាស៊ាន តាមរយៈ យន្តការនានា ដូចជា អាស៊ានបូកបី, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក,បានប្រមូលផ្តុំមហាអំណាចធំៗ, មហាអំណាចទំហំមធ្យម និង រដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាង ជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ាន ជាស្នូល ។
ទី៥៖ យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និង ជំរុញសេដ្ឋកិច្ចតំបន់ ប្រកប ដោយចីរភាព, ភាពធន់ និង បរិយាបន្ន តាមរយៈ ៖
(១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួលបានការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ, (២), ការបន្ដផ្តល់អាទិភាពលើកិច្ចសហប្រតិ បត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម,
(៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និង ការធ្វើ ពិពិធកម្មពាណិជ្ជកម្ម និង ការវិនិយោគក្នុងតំបន់,
(៤). ការចាប់យកកាលានុវត្តភាពពីបដិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និង ការធ្វើអន្តរកាលថាមពល តាមរយៈការជំរុញ ហិរញ្ញប្បទានប្រកបដោយចីរភាព និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជា, រួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត, នឹងខិតខំ ប្រឹងប្រែងឱ្យកាន់តែសកម្មឡើងទៀត ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និង ពិភព លោក ។ យើងនឹងបន្តពង្រឹងមជ្ឈភាព និង ឯកភាពអាស៊ាន ដើម្បីធានាឱ្យបាននូវភាពធន់ និង ភាពរឹងមាំ របស់អាស៊ាន ក្នុងការប្រឆាំងនឹងសម្ពាធ និង ឥទ្ធិពល ដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លាឡើងៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត ។ ទន្ទឹមនេះ, យើងនឹងបន្តជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវរាល់គំនិតផ្តួចផ្តើម និង វិធានការនានា ដែលត្រូវបានដាក់ចេញ ក៏ដូចជាការទាញ យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាមួយគ្នានឹងការបង្កើនការតភ្ជាប់, ទាំងផ្នែករូបវ័ន្ត និង ផ្នែកឌីជីថល ។ បន្ថែមលើនេះ, យើងនឹងបន្តខិតខំពង្រឹងសមត្ថភាពនៃសហគ្រាសមីក្រូ តូច និង មធ្យម ព្រមទាំងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមស្ត្រី និង យុវជន ក៏ដូចជាពង្រឹងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការ និង បញ្ហាប្រឈមនៃយុគសម័យឌីជីថល និង បដិវត្តន៍ឧស្សាហ កម្មទី ៤
សំដៅពន្លឿនការស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ចរបស់យើង ក្រោយពីវិបត្តិកូវីដ-១៩ ឱ្យបានប្រកប ដោយចីរភាព និង បរិយាបន្ន។
មុននឹងបញ្ចប់, ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា សន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពី «អនាគតរបស់ អាស៊ី» ក្នុងឆ្នាំនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត រវាងគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បី នាំមកនូវផលប្រយោជន៍បន្ថែមទៀតជូនដល់តំបន់ និង សកលលោកទាំងមូល ។
ជាទីបញ្ចប់ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ទាំងអស់ ប្រកបដោយសុខភាព ល្អបរិបូណ៌, សុភមង្គល និង ទទួលបានជោគជ័យចំពោះគ្រប់ភារកិច្ច ៕
ដោយ ៖ សុខ ខេមរា