ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចសូមចែករំលែកនូវមតិ និង យោបល់ ចំពោះកិច្ចការ និង ទិសដៅអាទិភាពចំនួន៥ សំខាន់ៗ ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ីក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់តាមសន្និសីទនោះ, សម្តេចសូមចែករំលែកនូវមតិ និង យោបល់ ចំពោះកិច្ច ការ និង ទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក ដូចខាងក្រោមនេះ ៖

ទី១៖ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវ, ដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព, ឱ្យ ប្រទេសទាំងអស់គោរពអធិបតេយ្យភាព និង ឯករាជ្យភាព គ្នាទៅវិញទៅមក, រួមទាំងជម្រើសនៃការដឹកនាំ ដែលស្របតាមលក្ខខណ្ឌ និង លក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ។ ទន្ទឹមនេះដែរ, ប្រទេសទាំងអស់ត្រូវ ប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន, ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញ ទៅមក នូវជីវភាពរស់នៅ, ប្រពៃណី, ទំនៀមទំលាប់ និង ប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណ តម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និង បរិយាបន្ន ។

ទី២៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង “កិច្ចសហប្រតិបត្តិការអន្តរជាតិផ្អែក លើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណា មួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្ម ជាឯកតោភាគី, ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្តរជាតិ ព្រមទាំងគោលការណ៍ និង គោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជា ជាតិនោះឡើយ ។

ទី៣៖ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុង តំបន់ ដែលមានលក្ខណៈបើកចំហ, មានតម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។

ទី៤៖ យើងត្រូវបន្តរក្សា និង ពង្រឹងនូវការឯកភាព និង សាមគ្គីភាពរវាងបណ្តាប្រទេសនានាក្នុងទ្វីប អាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព, សន្តិសុខ, ស្ថិរភាព និង ការអភិវឌ្ឍនានា ក្នុង តំបន់ និង ពិភពលោក ។ ក្នុងន័យនេះ, អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការ ចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។ អាស៊ាន តាមរយៈ យន្តការនានា ដូចជា អាស៊ានបូកបី, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក,បានប្រមូលផ្តុំមហាអំណាចធំៗ, មហាអំណាចទំហំមធ្យម និង រដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាង ជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ាន ជាស្នូល ។

ទី៥៖ យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និង ជំរុញសេដ្ឋកិច្ចតំបន់ ប្រកប ដោយចីរភាព, ភាពធន់ និង បរិយាបន្ន តាមរយៈ ៖ 

(១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួលបានការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ, (២), ការបន្ដផ្តល់អាទិភាពលើកិច្ចសហប្រតិ បត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, 

(៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និង ការធ្វើ ពិពិធកម្មពាណិជ្ជកម្ម និង ការវិនិយោគក្នុងតំបន់, 

(៤). ការចាប់យកកាលានុវត្តភាពពីបដិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និង ការធ្វើអន្តរកាលថាមពល តាមរយៈការជំរុញ ហិរញ្ញប្បទានប្រកបដោយចីរភាព និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖