ព័ត៌មានទាន់ហេតុការណ៍៖

សារាចរណ៍ណែនាំ ស្តីពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំស្តីពី ការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ។

នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្ដល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុង រយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាច ភ្ជួររាស់កើត។ ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣,៥១៣ហិកតា ក្នុងនោះខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤ ៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីខូចខាតចំនួន ១ ១៣៣ហិកតា។

ក្នុងគោលបំណងធានាបាននូវសន្តិសុខស្បៀង និងឈានសម្រេចបានតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរ ទៅតាមផែនការគ្រោងទុកនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទ ក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តនូវ វិធានការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

១.ត្រូវចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែ ករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។

២.ត្រូវចុះជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករទម្លាប់ ដាំដុះក្នុងខែកក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ។

៣.ត្រូវចុះណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាស

ភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៤.ត្រូវណែនាំកសិករឱ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំដុះស្តារឡើងវិញក្នុងករណី មានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ហើយអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានី ខេត្ត ត្រូវចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សំដៅជួយអន្តរាគមន៍ដល់កសិករក្រីក្រ និងអ្នកងាយ រងគ្រោះដែលខ្វះលទ្ធភាពរកគ្រាប់ពូជស្រូវ ដើម្បីលើកសំណើសុំមកគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដូចមានចែងក្នុងអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើត ប្រព័ន្ធស្បៀងបម្រុងកម្ពុជា។

ទទួលបានសារាចរណែនាំនេះ អគ្គនាយកដ្ឋានកសិកម្ម អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវសហការឱ្យបានល្អជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖