ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវឹលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។
សម្តេចតេជោមានប្រសាសន៍បន្តថា, ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តីតែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។
សម្តេចតេជោ ហ៊ុនសែន បាន ថ្លែងថា, ២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។
សម្តេចតេជោ មានប្រសាសន៍លើកឡើងថា, ខ្ញុំក៍ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ប្រុស៣នាក់ស្រី៣នាក់ប្រុស៣នាក់ដំបូងទើបមានស្រី៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេលនេះនៅសល់តែ៥នាក់នោះឡើយ។ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយខ្ញុំបែរមុខទៅម្ខាងនិងងាកមកវិញបបួលគាត់ដូរនាឡិការដៃដើម្បីបញ្ចប់នូវរឿងសោកសៅ។
សម្តេចតេជោរមនលឹកថា,ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិនដើម្បីសុខភាពគាត់។
សង្ឃឹមថាបងទីមួយនិងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ៕
ដោយ ៖ សុខ ខេមរា