ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេងដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ស្ត្រីដែលបានប្រើអំពើហិង្សាវាយធ្វើក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយៈពេលជាង១ឆ្នាំ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

សូមរំលឹកថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក  ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន និង លោក វរសេនីយ៍ឯក សុខ ហេងធីអធិការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី  វេលាម៉ោងប្រហែល ២៣៖៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវាយលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះអាសន្នរបស់អង្គការមិត្តសំឡាញ់។

ចំណែកស្រ្តីជនសង្ស័យ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្នស្ត្រីម្នាក់នេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖