ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិកយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យអ៊ុយក្រែន

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យទៅប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធមីស៊ីលទាំងនោះជាប្រភេទ M31 GMLRS ។

សារព័ត៌មាន TASS បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន New York Times ដែលបានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោកបៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីល GMLRS ឱ្យទៅប្រទេសអ៊ុយក្រែន ។ ការផ្តល់ប្រព័ន្ធមីស៊ីលខាងលើជាផ្នែកមួយនៃកញ្ចប់ជំនួយមានទឹកប្រាក់៤០ពាន់លានដុល្លារដែលបានប្រកាសកាលពីសប្តាហ៍កន្លងមក ។ មីស៊ីល GMLRS អាចវាយប្រហារគោលដៅចាប់ពី ៧០-៥០០ គីឡូម៉ែត្រ ហើយអាចបំពាក់ប្រព័ន្ធនាំផ្លូវដោយផ្កាយរណបទៀតផង។
ក្នុងពេលនេះដែរ រដ្ឋមន្រ្តីការបរ
ទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានធ្វើការព្រមានដល់ប្រទេសលោកខាងលិចប្រឆាំងនឹងការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធដែលមានសមត្ថភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយលើកឡើងថា ទង្វើបែបនេះនឹងក្លាយជាការបោះជំហានទៅរកការបង្កជម្លោះកាន់តែធ្ងន់ធ្ងរ មិនអាចទទួលយកបាន។
ការកត់សម្គាល់របស់លោក ឡាវរ៉ូវ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយសារព័ត៌មានរុស្ស៉ី Tass ស្របពេលដែលមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតរបស់ទីក្រុងកៀវ គ្រោងនឹងផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែនចំពោះមុខការបង្កើនការវាយប្រហាររបស់ទីក្រុងមូស្គូ នៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន។
លោក ឡាវរ៉ូវ បានលើកឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរុស្ស៉ី Tass ថា លោកសង្ឃឹមថា មេដឹកនាំក្នុងប្រទេសលោកខាងលិចនឹងយល់ពី ហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតចេញពីការបង្កើនឃ្លាំងអាវុធរបស់អ៊ុយក្រែន។
មន្រ្តីការទូតអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយទីក្រុងកៀវអំពីហានិភ័យនៃគ្រោះថ្នាក់នៃការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៉ី ខណៈទីភ្នាក់ចារកម្មអាមេរិកបានព្រមានថាការប្រយុទ្ធគ្នារវាង រុស្ស៉ី-អ៊ុយក្រែន នឹងកាន់តែខ្លាំងឡើង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty

រូប​ថត​ ៖​ Lockheed Martin


ចែករំលែក៖