ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល ៖ ពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចពេលសព្វថ្ងៃនេះ”

ចែករំលែក៖

ខេត្ត​កណ្តាល ៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីប្រមាណ ៤៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងសតិអារម្មណ៍របស់ស្ត្រីឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន ការងារដែលត្រូវធ្វើបន្ត និង​ការងារ​ត្រៀមធ្វើក្នុងពេលខាងមុខដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋស្រុកកោះធំដែលរួមមាន៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កីឡដ្ឋានហែលទឹកស្រុកកោះធំ ស្ពានឆ្លងទន្លេបាសាក់​ស្រុកកោះធំ គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡាចំនួន២៨០០ដើម ការសាងសង់​មន្ទីរពេទ្យតេជោសែនកោះធំ ​ដើម្បីធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដារ​ខ្ពស់ខ្នាត​អន្តរជាតិសំដៅផ្តល់ទំនុក ចិត្តលើការផ្តល់សេវាថែទាំសុខភាព សុខុមាលភាព​ជូនប្រជាពលរដ្ឋ​ស្រុកកោះធំ និងកិច្ចសហការរវាង ​មន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។

លោកប្រធាន​ក្រុមការងារ​ បានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល​កម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យ​គួរជាទីមោទនៈស្របតាមពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ”។

ជាមួយគ្នានោះផងដែរ លោក​ ស៊ុន​ ចាន់ថុល​ បានអំពាវនាវឱ្យក្រុមការងារស្ត្រីទាំងអស់ជួយផ្សព្វផ្សាយ អំពី​ការពិតនៃសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ បងប្អូន​សាច់ញាតិ ​ក៏ដូចជាសាធារណៈជនឱ្យបាន យល់​ជ្រួតជ្រួប​អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធាន​ បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ក្រុមការងារ​ស្ត្រីទាំង​អស់ ដែលបានខិតខំ​ប្រឹងប្រែង​ទាក់ទាញ ​និងជំរុញលើកទឹកចិត្តសមាជិកសមាជិកា គណបក្ស​បន្ថែមទៀត​សំដៅទទួល​បានជ័យជំនះនៅក្នុងការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត​ជាបន្តបន្ទាប់ ​ដើម្បីអភិវឌ្ឍន៍​សមិទ្ធផលថ្មីៗបន្ថែមទៀត​នៅតាមមូលដ្ឋាន ក៏ដូចជា​នៅក្នុងក្របខណ្ឌទូទាំងផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖