ភ្នំពេញ ៖ ក្នុងចំណោមសហគមន៍អឺរ៉ុបហុងគ្រី គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៤.៤៣ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយមានការថមថយបន្តិចក្នុងឆ្នាំ២០២១ តែមានភាពល្អប្រសើរឡើងវិញ នៅឆ្នាំ២០២២ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២.២៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ ខែដំបូង។
នេះបើតាមការបញ្ជាក់របស់លោក ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ។ លោករដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជ កម្មបានលើកឡើងថា កម្ពុជា-ហុងគ្រីបានរៀបចំកិច្ច ប្រជុំ គណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១ នៅដើមឆ្នាំ២០២១ និងបានសហការគ្នារៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីលើកទី១ នាត្រីមាសទី១ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។
លោករដ្ឋមន្ត្រីស្តីទីថ្លែងបែបនេះ នៅក្នុងជំនួបជាមួយ លោក CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រី ដែលគ្រោងនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីជួប ពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជ កម្ម និងជម្រាបលា។
លោក ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីបានថ្លែងប្រាប់ឯកអគ្គរដ្ឋ ទូតហុងគ្រីថា កម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការ រស់នៅជាមួយនឹងកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី វិស័យពាណិជ្ជកម្ម និងការវិនិយោគបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ដូច នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជ កម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោក CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់ តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ និងបន្តលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។ ក្នុងន័យនេះ ភាគីកម្ពុជា ក៏យល់ស្រប និងប្តេជ្ញាចិត្តដូចគ្នា បន្តពង្រឹងទំនាក់ទំនង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត៕
ដោយ៖ សូរិយា