ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើកូនកាំបិតភ្ជង់គំរាមប្លន់យកម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ស៊ើបអង្កេតរហូតឈានដល់ ការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២។
ជនសង្ស័យឈ្មោះ អ៊ុក ណាយ៉ិន ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ចំណែក ជនរងគ្រោះឈ្មោះ មូល សំបូរ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករស្ងោរសណ្តែកដី ស្នាក់នៅផ្ទះលេខ១៩០ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ១IX-៨៨៧៨ មក ឈប់នៅចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ អ៊ុក ណាយ៉ិន និងឈ្មោះ ភា បានយកកូនកាំបិតចុងស្រួចធ្វើសកម្មភាពភ្ជង់គំរាមប្លន់ម៉ូតូជនរងគ្រោះម៉ាកខាងលើបានសម្រេចជិះគេចខ្លួនយកកូនកាំបិតបោះចោលបាត់ បន្ទាប់មក ជនសង្ស័យឈ្មោះ ភា ក៏ជិះម៉ូតូជនរងគ្រោះទៅលក់ឲ្យគេបាត់។
លុះដល់ម៉ោង១៣និង៣០នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ ភា បានគេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ដោយ ៖ រ៉ារ៉ា