ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​លី​បារីឆ្លង​ដែន​ម្នាក់​ត្រូវទាហាន​វៀតណាមបាញ់​ឱ្យ​របួស

ចែករំលែក៖

ខេត្តកំពត៖ បើ​តាមការបញ្ជាក់ពី​យុវជន​ឈ្មោះ​ ជឿ​ង ហុង ដែល​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២នេះ​ថា៖​ រូបគេបានរងរបួស​ជើង​ខាងស្ដាំដោយសារតែគ្រាប់​កាំភ្លើង​កង​ទាហាន​វៀតណាម​បានបា​​ញ់​រះ​មក​លើ​ក្រុម​ពលករ​ខ្មែរ​ដែលកំពុង​លី​បារីម៉ាក«​ហេ​រ៉ូ» ឆ្លង​ដែន​ចំនួន​១៤​នាក់​ បណ្ដាលឱ្យ​ពលករ​ផ្សេងៗ​រត់ចែក​ជេីងគ្នា។ 

    ប្រភពដដែលបន្តថា​ ករណី​ខាងលើ​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២​ នៅ​ចំណុច​​​ស្ពាន​មុខ​បង្គោល​លេខ​៣០៩ ​ក្នុងភូមិ​កោះ​ចំការ​ ឃុំ​បឹង​សា​ខាងត្បូង ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត ។

    ជនរងគ្រោះ​បានឱ្យដឹងទៀតថា៖​ មុនពេលកេីតហេតុ​រូបគេ​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់បាន​ជញ្ជូន​បារី​ឆ្លង​ដែន​ចូល​ទៅ​ក្នុងប្រទេសវៀតណាម​ខ្លួន ក្នុងនោះខ្លួនក៏​បាន​ស្ពាយ​បារី​ចំនួន​២​កេស ស្មើ​នឹង​មួយ​រយ​សុង​ដើរ​ឆ្លង​ទឹក​ឆ្លង​ភក់​ប្រហែល​មួយ​គីឡូ​ម៉ែត្រចូល​ទៅ​វៀតណាម ។​ ភ្លាម​នោះ គ្រាន់តែ​ដើរ​ដល់​ត្រង់ចំណុច​ស្ពាន​បង្គោលម៉ែត្រលេខ​៣០៩​ ​ស្រាប់តែ​ទាហានវៀតណាម​បាន​ស្រែក ប៉ុន្តែ​ពួក​គាត់​មិន​ចេះ​ភាសារវៀតណាមឡើយ។ តែ​អ្នកខ្លះ​ទៀត​បាន​ដើរ​ឆ្លងស្ពាន ស្រាប់តែ​វៀតណាម​បាន​បាញ់​មក​លើ​ខ្លួន​តែ​ម្ដង បណ្ដាល​ឱ្យ​​ត្រូវ​របួសជើង​ម្ខាងតែម្តង។ 

    ប្រភពដដែលបន្តថា​ នៅពេល​ដែលរូបគេ​ត្រូវ​របួស និងបាន​រត់​ចេញពី​កន្លែង​គ្រោះថ្នាក់ ព្រមគឺអ្នក​លី​បារី​ផ្សេង​ៗ​ទៀត​ជាង​១០នាក់​បានរត់​បែក​គ្នា​អស់។ បន្ទាប់មករូបគេ​ ក៏បាន​ដើរមក​លាង​ឈាម​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ ហើយមិនយូ​រប៉ុន្មាន​ខ្លួនក៏​បាន​ដួល​សន្លប់ទៅ តែហើយ​មាន​អ្នក​រួម​ដំណើរ​បី​នាក់​ទៀត​បាន​សែង​យក​មក​ដល់​ទូក រួចដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​តែម្តង​។

    ជុំវិញករណីនេះដែរ​ លោក​ឧត្តម​សេនី​យ៍ត្រី​ម្នាក់​ទទួល​បន្ទុក​កិ​ច្ច​ការ​ព្រំដែន​ នៅថ្ងៃនេះក៏បាន​ចូល​ទៅ​សាកសួរ​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ ដេីម្បីសាកសួរ​ព័ត៌មាន​លម្អិត​ផងដែរ​ និងបានបញ្ជាក់ថា៖ ករណីទាហានវៀតណាម​បាញ់​រះនោះ​សង្ស័យ​ជា​គ្រាប់​កាំភ្លើង​កែ​ច្នៃ៕

ដោយ​៖សហការី​


ចែករំលែក៖