ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីដជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដជ្រុលទៅបុករថយន្តដឹកដីដែលឈប់ចាំភ្លើងស្តុបពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកបើករថយន្តហាយប្រ៊ីដរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ជាប់ស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកដីប្រមាណ៣ទៅ៤គ្រឿងបានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់បន្តកន្ទុយគ្នារង់ចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-4293មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកដីដែលឈប់ខាងក្រោយគេមិនចាំស្លាកពីក្រោយពេញកំហឹងបណ្ដាលឱ្យអ្នកបើកបររថយន្តកាមរីហាយប្រ៊ីដរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តដឹកដីបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសាច់ញាតិខាងជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុដែរ ដោយបានប្រាប់សមត្ថកិច្ចថាមិនចង់មានរឿងឆ្ងាយទេ សុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖